បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានផ្សាយនៅថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងដែលមានក្បាលគ្រាប់ធុនធ្ងន់។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីកូរ៉េខាងត្បូងជឿថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងពីរគ្រាប់ ដែលបង្ហាញថា ការបាញ់បង្ហោះមួយគ្រាប់ប្រហែលធ្លាក់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាម KCNA ទីភ្នាក់ងាររ៉ុក្កែតរបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងយុទ្ធសាស្ត្រថ្មីមួយគឺ ប្រភេទ Hwasongpho-11Da-4.5 ដែលមានសមត្ថភាព “ផ្ទុកក្បាលគ្រាប់ធំកម្រិត ៤,៥ តោន” ។ ទីភ្នាក់ងារនេះបាននិយាយថា ការធ្វើតេស្តនេះបានស្វែងរក “ការផ្ទៀងផ្ទាត់ស្ថេរភាពនៃការហោះហើរ និងកំណត់ភាពត្រឹមត្រូវនៅចម្ងាយអតិបរមា ៥០០ គីឡូម៉ែត្រ និងចម្ងាយអប្បបរមា ៩០ គីឡូម៉ែត្រ” ។ ទីភ្នាក់ងារនេះមិនបានបញ្ជាក់ថា ការបាញ់បង្ហោះនេះបានកើតឡើងនៅទីណាពិតប្រាកដនោះទេ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ទីក្រុងព្យុងយ៉ាងក៏នឹងធ្វើការបាញ់សាកល្បងមីស៊ីលប្រភេទដូចគ្នានៅចុងខែនេះ ដើម្បីផ្ទៀងផ្ទាត់លក្ខណៈហោះហើរ ភាពត្រឹមត្រូវ និងថាមពលផ្ទុះនៃក្បាលគ្រាប់ដ៏ធំនៅចម្ងាយមធ្យម ២៥០ គីឡូម៉ែត្រ។
យ៉ាងណាមិញ មន្ត្រីកូរ៉េខាងត្បូងបានផ្តល់កំណែផ្សេងគ្នានៃព្រឹត្តិការណ៍។ ក្រុមមន្ត្រីបាននិយាយថា អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានអះអាងថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលពីរគ្រាប់ក្នុងចន្លោះពេលដប់នាទី ដោយបន្ថែមថា គ្រាប់ទីមួយហោះបានចម្ងាយ ៦០០ គីឡូម៉ែត្រ ខណៈគ្រាប់ទីពីរបានត្រឹមតែ ១២០ គីឡូម៉ែត្រប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា