ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងយុទ្ធសាស្ត្រថ្មី ទទួលបានជោគជ័យទាំងស្រុង

Afp

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ KCNA បានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋបាលមីស៊ីលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅកាត់ថា (កូរ៉េខាងជើង) បានធ្វើការបាញ់សាកល្បងដោយជោគជ័យ នូវប្រភេទមីស៊ីលផ្លោងយុទ្ធសាស្ត្រប្រភេទថ្មី Hwasongpho-11Da-4.5 ដែលបានបាញ់កាលពីថ្ងៃចន្ទ ។

មីស៊ីលផ្លោងយុទ្ធសាស្ត្រប្រភេទថ្មីនេះ អាចផ្ទុកក្បាលគ្រាប់ប្រភេទ Super-Class ទម្ងន់៤,៥តោន នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារ KCNA បានឲ្យដឹងដូច្នេះ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ដោយប្រើមីស៊ីលដែលមានក្បាលគ្រាប់ធុនធ្ងន់ក្លែងធ្វើ ការបាញ់សាកល្បងនេះត្រូវបានរចនាឡើងដើម្បីផ្ទៀងផ្ទាត់ស្ថិរភាពនៃការហោះហើររបស់វា និងបាញ់បានភាពត្រឹមត្រូវនៅចម្ងាយអតិបរមា៥០០គីឡូម៉ែត្រ និងចម្ងាយអប្បបរមា៩០គីឡូម៉ែត្រ ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា រដ្ឋបាលមីស៊ីលកូរ៉េខាងជើង នឹងបាញ់សាកល្បងមីស៊ីលផ្លោងយុទ្ធសាស្ត្រប្រភេទថ្មីបន្ថែមទៀតនៅក្នុងខែនេះ ក្នុងគោលបំណងផ្ទៀងផ្ទាត់លក្ខណៈហោះហើររបស់វា ភាពត្រឹមត្រូវ និងកម្លាំងផ្ទុះនៃក្បាលគ្រាប់ធំទំនើបនៅរយៈចម្ងាយមធ្យម២៥០គីឡូម៉ែត្រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top