បរទេស៖ អ៊ីស្រាអែលបានចេញបញ្ជាឱ្យជម្លៀសប្រជាជនប៉ាឡេស្ទីននៅក្នុងផ្នែកខ្លះនៃទីក្រុង Khan Younis និងតំបន់ជុំវិញ ដែលជាបទបញ្ជាមួយដែលអាចបង្ហាញថា អ៊ីស្រាអែលគ្រោងនឹងកំណត់គោលដៅទីក្រុង ហ្គាហ្សា ភាគខាងត្បូងសម្រាប់ការវាយលុកមួយផ្សេងទៀត ដូចដែលអ៊ីស្រាអែលបានធ្វើកាលពីដើមឆ្នាំនេះ នៅពេលដែលមនុស្សរាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅ និងភាគច្រើននៃទីក្រុង Khan Younis ត្រូវបានបំផ្លាញ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Stephane Dujarric អ្នកជានាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា “វាគ្រាន់តែបង្ហាញជាថ្មីម្តងទៀតថា គ្មានកន្លែងណាមានសុវត្ថិភាពនៅក្នុងតំបន់ ហ្គាហ្សា នោះទេ ការខិតខំប្រឹងប្រែងបន្ថែមទៀតត្រូវតែធ្វើឡើងដើម្បីការពារជនស៊ីវិល” ។ លោកបន្ថែមថា “វាជាការបញ្ឈប់មួយផ្សេងទៀតនៅក្នុងរង្វង់នៃចលនាដ៏សាហាវនេះ ដែលប្រជាជននៅតំបន់ហ្គាហ្សាត្រូវឆ្លងកាត់ជាប្រចាំ”។
អ្នកស្រុកម្នាក់ដែលរស់នៅក្នុងតំបន់ជម្លៀសគោលដៅគឺលោក Ahmad Najjar បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង France-Presse ថា “ការភ័យខ្លាច និងការថប់បារម្ភយ៉ាងខ្លាំងបានកើតឡើងបន្ទាប់ពីបញ្ជាឱ្យជម្លៀសចេញ” ។ លោកបានសង្កេតឃើញថា មាន«ការផ្លាស់ទីលំនៅរបស់អ្នកស្រុកយ៉ាងច្រើន»។
បទបញ្ជាជម្លៀសនេះ បានកើតឡើងចំពេលមានព័ត៌មានថា អ៊ីស្រាអែលបានដោះលែងនាយកមន្ទីរពេទ្យធំរបស់ហ្គាហ្សា កាលពីថ្ងៃច័ន្ទ ដែលជាផ្នែកមួយនៃការដោះលែងជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ដែលត្រូវបានបញ្ជូនទៅកាន់តំបន់ហ្គាហ្សាវិញ ដើម្បីទទួលការព្យាបាល។
Mohammed Abu Selmia ត្រូវបានឃុំខ្លួនតាំងពីខែវិច្ឆិកា។ លោកបានដឹកនាំមន្ទីរពេទ្យ Shifa នៃតំបន់ហ្គាហ្សា ដែលកងកម្លាំងអ៊ីស្រាអែលបានវាយឆ្មក់ក្នុងខែដូចគ្នានេះ ខណៈពេលដែលចោទប្រកាន់ថាក្រុមសកម្មប្រយុទ្ធហាម៉ាសកំពុងប្រើប្រាស់ទីតាំងនេះជាមជ្ឈមណ្ឌលបញ្ជា៕ ប្រែសម្រួលៈ ណៃ តុលា