ព័ត៌មានអន្តរជាតិ

ភ្នំផ្កាឈូក ហេតុអ្វីលោក Xi Jinping ដាក់កម្រងផ្កានៅទីនេះ?

នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ សិនជិន ផ្ទៃមេឃខៀវស្រឡះ។ លោក Xi Jinping បានអញ្ចើញទៅភ្នំផ្កាឈូក ដើម្បីដាក់កម្រងផ្កាជូនរូបចម្លាក់សំរិទ្ធរបស់លោក តេង ស៊ាវ ភីង ។ នៅចំហៀងខាងក្រោយរូបចម្លាក់ ជាដើមជ្រៃដែលលោក Xi Jinping បានដាំផ្ទាល់ដៃកាលពីឆ្នាំ២០១២ ដែលកាលនោះ លោកបានប្រកាសទៅកាន់ពិភពលោកថា ប្រទេសចិននឹងបន្ត ជំរុញការធ្វើកំណែទម្រង់និងបើកទូលាយ។

បច្ចុប្បន្ន ដើមជ្រៃនេះបានលូតលាស់កម្ពស់លើសពី១០ម៉ែត្រហើយ បែកមែកសាខាពោរពេញដោយភាពរស់រវើក។
ដើមឈើជាសក្ខីភាពនៃពេលវេលា ឯភ្នំនេះ បានធ្វើជាសក្ខីភាពដែលហ៊ានសាកហ៊ានធ្វើរបស់ប្រទេសចិន។

នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៧៨ សន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១១ បានសម្ពោធបើក ដែលបានបើកទំព័រប្រវត្តិសាស្ត្រ នៃការធ្វើកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន។
នាឆ្នាំ ១៩៧៩ លោក Xi Zhongxun ដែលកាលនោះបម្រើការងារជាលេខាបក្សទីមួយប្រចាំខេត្តក្វាំងតុងបានរាយការណ៍ទៅកាន់មជ្ឈិមបក្សថា ចង់បង្កើតតំបន់កែច្នៃនៃការនាំចេញ។ លោក តេង ស៊ាវ ភីង បានគាំទ្រហើយបន្ថែមថា « យើងក៏អាចកំណត់យកកន្លែងមួយ ដែលអាចដាក់ឈ្មោះថា តំបន់ពិសេស»។

នាឆ្នាំ ១៩៨០ ក្វាំងតុងទទួលបានការអនុញ្ញាតឱ្យកសាងតំបន់សេដ្ឋកិច្ចពិសេស ទីក្រុងសិនជិនដែលទើបបង្កើតឡើងទទួលបានឱកាសនេះ។

នាឆ្នាំ ១៩៨៧ ចិនបានអនុម័តលើច្បាប់ស្ដីពីការលើកទឹកចិត្តដល់បុគ្គលិកវិទ្យាសាស្ត្រឱ្យបង្កើតសហគ្រាសឯកជនជាលើកដំបូង ដែលយកមកអនុវត្តមុនគេក្នុងក្រុងសិនជិន ។ ដោយសារទទួលបានការលើកទឹកចិត្តផងដែរ នៅឆ្នាំដដែល ក្រុមហ៊ុន HUAWEI បានបង្កើតឡើង ។

នាឆ្នាំ១៩៩៩ សិនជិនបានចាប់ផ្តើមរៀបចំធ្វើពិព័រណ៍ស្តីពីសមិទ្ធផលបច្ចេកវិទ្យាខ្ពស់អន្តរជាតិលើកដំបូង ឆ្លៀតឱកាសនោះ ក្រុមហ៊ុន Tencent ទទួលបាន “ដុំមាសដំបូង” ដើម្បីធ្វើការអភិវឌ្ឍ ។
នាឆ្នាំ ២០១៩ សិនជិនចាប់ផ្តើមកសាងតំបន់គំរូភាព នៃសង្គមនិយមមានលក្ខណ:ពិសេសចិន។

ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែកក្កដាខាងមុខនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ នឹងបើកធ្វើសន្និសីទពេញអង្គលើកទី ៣ នៅរដ្ឋធានីប៉េកាំង ដើម្បីស្រាវជ្រាវបញ្ហាសំខាន់ៗនៃការអភិវឌ្ឍជាតិដូចជា ការបង្កើនការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។

« ប្រជាជនជាតួអង្គសំខាន់នៃការធ្វើទំនើបកម្មតាមបែបផែនចិន ចាំបាច់ត្រូវគោរពស្មារតីបង្កើតរបស់ប្រជាជន។ »   « ប្រជាជនយកចិត្តទុកដាក់លើអី្វ រំពឹងពីអ្វី ការធ្វើកំណែទម្រង់ត្រូវក្តាប់ជាប់នូវកិច្ចការនោះ និងត្រូវជំរុញកិច្ចការនោះ។»  សម្តីប្រសាសន៍របស់លោក Xi Jinping បានទាក់ចិត្តរបស់អ្នកផងទាំងពួងយ៉ាងខ្លាំង។

បក្សកុម្មុយនីស្តចិនចាត់ទុកការស្វែងរកមាគ៌ាធ្វើទំនើបកម្មសម្រាប់ប្រជាជាតិចិនជាបំណងរបស់ខ្លួនពីគ្រាដើមនៃការបង្កើតបក្សកាលពីខែកក្កដា ឆ្នាំ១៩២១។
ហេតុអ្វីជនជាតិចិនហៅសាធារណ:រដ្ឋប្រជាមានិតចិនថា «ប្រទេសចិនថ្មី»?  ចាប់ពីឆ្នាំ ១៩៤៩ មក ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។
៧៥ ឆ្នាំបានកន្លងផុតទៅ ដោយពឹងលើការខិតខំតស៊ូយ៉ាងលំបាក  ប្រទេសចិនថ្មីបានប្រែពីបាតដៃទទៃ ក្លាយជាតួអង្គសេដ្ឋកិច្ចធំទីពីរលើពិភពលោក។

ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី  ចាំបាច់ត្រូវនិយាយដល់ការសាកល្បងមួយនេះដែលត្រូវបានសម្គាល់ថាជា «ការធ្វើកំណែទម្រង់និងបើកទូលាយ»   ដែលមានប្រភពចេញពីភ្នំផ្កាឈូក៕
To Top