បរទេស៖ មន្ត្រីជាន់ខ្ពស់នៅទីក្រុងតេអេរ៉ង់បានព្រមានថា អ៊ីរ៉ង់នឹងដាក់ពង្រាយអំណាចយោធារបស់ខ្លួនទាំងអស់នៅពីក្រោយក្រុមហេសបូឡាហ៍ ប្រសិនបើអ៊ីស្រាអែលបើកការវាយប្រហារ ពេញលេញលើចលនាអ៊ីស្លាមនិយមដែលមានមូលដ្ឋាននៅលីបង់។ ទោះជាយ៉ាងណា លោកបានបន្ថែមថា ប្រទេសរបស់លោកមិនចង់បានសង្គ្រាមនៅមជ្ឈិមបូព៌ាទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ភាពតានតឹងរវាងរដ្ឋជ្វីហ្វ និងក្រុមនិកាយស៊ីអ៊ីត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បានឈានដល់ចំណុចក្តៅបន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាមហាម៉ាស-អ៊ីស្រាអែលក្នុងខែតុលា ដោយក្រុមបះបោរទាំងពីរបានវាយប្រហារ គ្នាទៅវិញទៅមកឆ្លងព្រំដែន។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ពួកគេបានជៀសវាងការចូលរួមដ៏ធំមួយ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីថ្ងៃអង្គារ លោក Kamal Kharrazi ទីប្រឹក្សាកិច្ចការបរទេសរបស់ លោក Ayatollah Ali Khamenei មេដឹកនាំអ៊ីរ៉ង់ បានរំលឹកឡើងវិញថា ប្រទេសអ៊ីរ៉ង់ “មិនចាប់អារម្មណ៍” នៅក្នុងសង្គ្រាមក្នុងតំបន់នោះទេ។ លោកបានជំរុញឱ្យសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល ឱ្យដាក់សម្ពាធលើទីក្រុងហ្សេរុយសាឡឹមខាងលិច ដើម្បីទប់ស្កាត់ការកើនឡើងបែបនេះ។
ទោះជាយ៉ាងណាក៏ដោយ លោក Kharrazi បានទទូចថា “ប្រជាជនលីបង់ បណ្តាប្រទេសអារ៉ាប់ និងសមាជិកនៃស្នូលតស៊ូនឹងគាំទ្រប្រទេសលីបង់ប្រឆាំងនឹងអ៊ីស្រាអែល” ប្រសិនបើកិច្ចខិតខំប្រឹងប្រែងដើម្បីជៀសវាងជម្លោះដ៏ធំមួយបង្ហាញថាមិនទទួលបានជោគជ័យ។ លោកបានថ្លែងថា «ក្នុងស្ថានភាពនោះ យើងនឹងគ្មានជម្រើសអ្វីក្រៅពីគាំទ្រក្រុមហេសបូឡាតាមគ្រប់មធ្យោបាយនោះទេ»។
ប្រែសម្រួលៈ ណៃ តុលា