កង់បេរ៉ា៖ ក្រុមហ៊ុន McDonald’s បានកាត់បន្ថយពេលវេលា នៃសេវាកម្មអាហារពេលព្រឹកត្រឹម១ម៉ោងកន្លះ បន្ទាប់ពីកង្វះខាតស៊ុត ដែលបណ្តាលមកពីការផ្ទុះឡើងនៃ ជំងឺផ្តាសាយបក្សីដែលបាននាំឱ្យ មានការសម្លាប់សត្វមាន់ប្រហែល ១,៥លានក្បាល ។
ក្រុមហ៊ុន McDonald’s បានឲ្យដឹងនៅលើបណ្តាញសង្គម Facebook ថា “ដូចអ្នកលក់រាយជាច្រើនដែរ យើងកំពុងគ្រប់គ្រងការផ្គត់ផ្គង់ ស៊ុតដោយប្រុងប្រយ័ត្ន ដោយសារបញ្ហាប្រឈម ក្នុងឧស្សាហកម្មបច្ចុប្បន្ននេះ” ដោយបានបន្ថែមថា ចាប់ពីថ្ងៃអង្គារនេះ ក្រុមហ៊ុននឹងឈប់បម្រើអាហារពេលព្រឹកនៅម៉ោង ១០និង៣០នាទីព្រឹក ជំនួសឱ្យម៉ោងធម្មតានៃពេលថ្ងៃត្រង់វិញ ។
ក្រុមហ៊ុន Fast Food បានឲ្យដឹងថា “យើងកំពុងធ្វើការយ៉ាងលំបាកបំផុតជាមួយកសិករ និងអ្នកផ្គត់ផ្គង់ អូស្ត្រាលីរបស់យើង ដើម្បីអោយករណីនេះត្រឡប់ទៅធម្មតាវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។
ប្រទេសអូស្ត្រាលី កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃជំងឺផ្តាសាយបក្សីជាច្រើនប្រភេទ ដែលបានផ្ទុះឡើងនៅកន្លែងចិញ្ចឹមមាន់ចំនួន ១១កន្លែង ដែលភាគច្រើនជាកសិដ្ឋានមាន់យកស៊ុត នៅភាគអាគ្នេយ៍ប្រទេសគិតចាប់តាំងពីខែឧសភា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា