ព័ត៌មានអន្តរជាតិ

ហ្វីលីពីន និងចិន យល់ព្រមបន្ធូរបន្ថយភាព តានតឹងនៅសមុទ្រចិនខាងត្បូង ក្រោយហេតុការណ៍ប៉ះទង្គិចគ្នា ដ៏គ្រោះថ្នាក់កាលពីខែមុន

បរទេស៖ ប្រទេសហ្វីលីពីន និងចិន បានព្រមព្រៀងគ្នា ដើម្បី “កាត់បន្ថយភាពតានតឹង” នៅក្នុងសមុទ្រ ចិនខាងត្បូង, នេះបើយោងតាមការ លើកឡើងរបស់មន្ត្រីនៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ បន្ទាប់ពីការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ នៅក្នុងដែនទឹកដែលមានជម្លោះ។ មន្ត្រីនៃភាគីទាំងពីរបានជួបពិភាក្សាគ្នា នៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីខែមុន ហ្វីលីពីនបាននិយាយថា បុគ្គលិកឆ្មាំសមុទ្រចិន ប្រដាប់ដោយកាំបិត ដំបង និងពូថៅ បានឡោមព័ទ្ធ និងគ្រប់គ្រងនាវាកងទ័ពជើងទឹក ហ្វីលីពីនចំនួនបីគ្រឿង នៅជិតទីតាំងជម្លោះ ដែលជាការកត់សម្គាល់ នូវឧប្បត្តិហេតុចុងក្រោយ និងធ្ងន់ធ្ងរបំផុត នៅក្នុងការប្រឈមមុខគ្នាដ៏គ្រោះថ្នាក់ ។

ក្នុងអំឡុងពេលនៃជម្លោះកាលពីថ្ងៃទី១៧ ខែមិថុនា ទាហានហ្វីលីពីនម្នាក់បានបាត់បង់ម្រាមដៃមួយ ហើយទីក្រុងម៉ានីលបានចោទប្រកាន់ឆ្មាំសមុទ្រចិនថា បានលួចអាវុធ និងបណ្តាលឱ្យខូចខាតដល់ទូកចំនួនបីគ្រឿង និងឧបករណ៍នាវាចរណ៍ និងឧបករណ៍ទំនាក់ទំនង។

ក្រសួងការបរទេសចិន បានជំទាស់នឹងការលើកឡើងរបស់ហ្វីលីពីននៃឧប្បត្តិហេតុនេះ ដោយអះអាងថា វិធានការចាំបាច់ដែលបានធ្វើឡើងគឺស្របច្បាប់ វិជ្ជាជីវៈ និងហួសពីការរីះគន់ ។ នៅក្នុងឧប្បត្តិហេតុមុនៗ កងកម្លាំងចិនបានប្រើប្រាស់កាណុងបាញ់ទឹក ឡាស៊ែរកម្រិតយោធា និងបានប៉ះទង្គិច ជាមួយនាវាផ្គត់ផ្គង់ហ្វីលីពីន និងកប៉ាល់អមការពាររបស់ពួកគេផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top