យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានសម្លាប់ពួកសកម្មប្រយុទ្ធប្រហែល ៩០០នាក់នៅក្នុងទីក្រុងរ៉ាហ្វា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកដីរបស់អ៊ីស្រាអែល ទៅលើទីក្រុងភាគខាងត្បូងបំផុតក្នុងតំបន់ហ្គាហ្សា កាលពីដើមខែឧសភា នេះបើយោងតាមប្រមុខយោធាអ៊ីស្រាអែលលោក Herzi Halevi។
លោក Halevi បានឲ្យដឹងនៅពេលចុះពិនិត្យទីតាំងដឹកជញ្ជូនយោធានៅតំបន់ហ្គាហ្សាស្ទ្រីប យោងទៅតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយកងកម្លាំងការពារអ៊ីស្រាអែលថា អ្នកស្លាប់និងរបួសរួមមាន “យ៉ាងហោចណាស់មេបញ្ជាការកងវរសេនាតូចម្នាក់ រួមទាំងអ្នកផ្សេងទៀត”។
លោក Halevi បានលើកឡើងថា ការវាយលុកនៅទីក្រុងរ៉ាហ្វា ត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍។
លោកបានបន្ដថា “ឥឡូវនេះកិច្ចខិតខំប្រឹងប្រែងផ្តោតលើការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដី ហើយវាត្រូវការពេលវេលា” លោកបានឲ្យដឹងថា “យុទ្ធនាការនេះមានរយៈពេលយូរ ដោយសារយើងមិនចង់ទុកទីក្រុងរ៉ាហ្វា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនៅដដែល”។
មុនពេលចាប់ផ្តើមការវាយលុកនៅទីក្រុងរ៉ាហ្វា គឺជាទីតាំងមួយក្នុងចំណោមទីតាំងមួយចំនួន ដែលជនស៊ីវិលស្វែងរកការជ្រកកោនពីការទម្លាក់គ្រាប់បែកដ៏ធំរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សា៕ ប្រែសម្រួល ឈូក បូរ៉ា