កាធុម ៖ ការប៉ះទង្គិចគ្នារវាងកងកម្លាំង ប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នាពេលថ្មីៗនេះ បានកើនឡើង នៅទីតាំងជាច្រើននៅទូទាំង ប្រទេសស៊ូដង់ ជាពិសេសនៅក្នុងរដ្ឋ Sinnar, West Kordofan និងរដ្ឋ North Darfur ។
កងកម្លាំង RSF បានប្រកាសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាកងកម្លាំងរបស់ខ្លួនបានរឹបអូស ទីស្នាក់ការកងទ័ពមួយ និងស្ពានតភ្ជាប់រដ្ឋ Sinnar និង Gedaref កាលពីថ្ងៃពុធ ។
យោងតាមការិយាល័យអង្គការ សហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) “មនុស្សជាង ៥៥,៤០០នាក់បានភៀសខ្លួន ចេញពីទីក្រុង Singa” ដែលជារដ្ឋធានីនៃរដ្ឋ Sinnar ដោយសារតែមានការប៉ះទង្គិចគ្នា។
ប្រភពពី OCHA បានឲ្យដឹងថាអ្នកស្រុករបស់ Singa បានផ្លាស់ទីលំនៅទៅរដ្ឋ Gedaref, Blue Nile, White Nile និងរដ្ឋ Kassala នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទន្ទឹមនឹងនេះ គណៈកម្មការជំនួយមនុស្សធម៌ក្នុងរដ្ឋ Gedaref បានព្យាករណ៍ថា “មនុស្សរហូតដល់ ១៣ម៉ឺននាក់ត្រូវបានគេរំពឹងថា នឹងរត់ចេញពីរដ្ឋ Sinnar នៅប៉ុន្មានថ្ងៃខាងមុខនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា