សៅប៉ូឡូ ៖ ទីភ្នាក់ងារការពារជនស៊ីវិល បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ចំនួន១៨០នាក់ បានស្លាប់ ដោយសារគ្រោះ ទឹកជំនន់ជាបានកត់ត្រា ជាច្រើនសប្តាហ៍កន្លងមកនេះ នៅរដ្ឋ Rio Grande do Sul ភាគខាងត្បូង នៃប្រទេសប្រេស៊ីល ហើយមនុស្សចំនួន៣២នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ ។
ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា និងបន្តជាច្រើនថ្ងៃ ដោយបង្កឲ្យមានការជន់លិចទីក្រុង នានាទូទាំងរដ្ឋខាងលើ ។ ក្រុមការងារជួយសង្គ្រោះ និងស្តារឡើងវិញបានចាប់ផ្តើម ក្រោយពីទឹកជំនន់ចាប់ផ្តើមស្រក នៅពាក់កណ្តាលខែមិថុនា ។
ទីភ្នាក់ងារនេះបានឲ្យដឹង នៅក្នុងរបាយការណ៍មួយថា អាកាសធាតុអាក្រក់បានបង្កប៉ះពាល់ ដល់ពលរដ្ឋប្រហែល២.៣៩៨.២៥៥នាក់ នៅក្នុងទីក្រុងចំនួន៤៧៨ បូករួមទាំងរដ្ឋធានីរដ្ឋ Porto Alegre ។
ទីភ្នាក់ងារបានបញ្ជាក់បន្ថែមថា នៅក្នុងអំឡុងពេលមានព្យុះខ្លាំង មានមនុស្សជាង៤៥០.០០០នាក់ត្រូវបានជម្លៀសចេញ ។
យោងតាមលេខាធិការទំនាក់ទំនងសង្គម Paulo Pimenta ដែលត្រូវបានតែងតាំងដោយប្រធានាធិបតី Luiz Inacio Lula da Silva ដើម្បីត្រួតពិនិត្យកិច្ចខិត ខំប្រឹងប្រែងកសាងឡើងវិញបានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលប្រេស៊ីល បានបែងចែកទ្រព្យសម្បត្តិប្រហែល១៥,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយ និងស្តារទីក្រុង Rio Grande do Sul ឡើងវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា