ASTANA៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្តើមផលិតមីស៊ីលដែលអាចបាញ់បានរយៈចម្ងាយខ្លី និងមធ្យម ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក ។
លោក ពូទីន បានថ្លែងប្រាប់ដល់អ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការ (UN) នៃអង្គការសហប្រតិបត្តិការសៀងហៃ ( Shanghai Cooperation Organization)នៅឯ Astana យ៉ាងដូច្នេះថា “ខ្ញុំបានលើកឡើងថា ពាក់ព័ន្ធនឹងការដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម ហៅកាត់ថា (INF) និងការប្រកាសថា ពួកគេចាប់ផ្តើមផលិត យើងក៏ពិចារណាផងដែរថា យើងមានសិទ្ធិចាប់ផ្តើមស្រាវជ្រាវ អភិវឌ្ឍ និងផលិតមីស៊ីលទាំងនេះ” ។
លោកបានថ្លែងថា រុស្ស៊ី កំពុងអនុវត្តការស្រាវជ្រាវ និងការអភិវឌ្ឍន៍បែបនេះ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្តើមផលិត ដោយលោកបានបន្ថែមទៀតថា ក្រុងម៉ូស្គូអាចធ្វើសកម្មភាពស្រដៀងគ្នានេះ ក្នុងករណីដែលមីស៊ីលបាញ់បានរយៈចម្ងាយខ្លី និងមធ្យមរបស់សហរដ្ឋអាមេរិកត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ណាមួយនៃពិភពលោក ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពសូវៀតបានចុះហត្ថលេខាលើសន្ធិសញ្ញា INF នៅក្នុងឆ្នាំ ១៩៨៧ ដែលហាមប្រាមការកាន់កាប់ អភិវឌ្ឍ និងសាកល្បងមីស៊ីលបាញ់បាញ់ពីដីដែលមានចម្ងាយពី ៥០០ទៅ៥.៥០០គីឡូម៉ែត្រ ។
តែនៅឆ្នាំ២០១៩ សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការអំពីការដកខ្លួនចេញពីសន្ធិសញ្ញា INF វិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា