អ៊ីស្តង់ប៊ុល៖ កាលពីថ្ងៃព្រហស្បតិ៍ អភិបាលក្រុងបានលើកឡើងថា គ្រឿងញៀនជាង១២តោន ត្រូវបានរឹបអូសនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី នៅក្នុងប្រតិបត្តិការ ដែលបានធ្វើឡើងក្នុងអំឡុងពេល ៦ខែដំបូង នៃឆ្នាំ២០២៤នេះ ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Davut Gul អភិបាលក្រុងអ៊ីស្តង់ប៊ុល បានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងការប្រើប្រាស់សារធាតុញៀននៅក្នុងទីក្រុង ដែលមានប្រជាជនចំនួន ១៦លាននាក់។
លោក Gul បានលើកឡើងទៀតថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការជិត ៥.០០០លើក ក្នុងគោលបំណងបង្អាក់សកម្មភាពផលិតកម្ម និងការជួញដូរ ដែលនាំទៅដល់ការឃាត់ខ្លួន ជនសង្ស័យបានចំនួនប្រហែល ៣.៣០០នាក់ ។
អ្នកប្រើក៏ត្រូវបានកំណត់គោលដៅ ក្នុងប្រតិបត្តិការនេះផងដែរ ដោយមានមនុស្សចំនួន ៣០.៣៦០នាក់ ត្រូវបានចាប់ខ្លួននៅទូទាំង ទីក្រុងក្នុងអំឡុងពេលដូចគ្នា ។
លោកអភិបាលបានលើកឡើងថា ក្នុងចំណោមថ្នាំញៀនដែលរឹបអូសបាន រួមមាន ថ្នាំញៀនជាង១២តោន ហើយថ្នាំគ្រាប់មានចំនួន២២,៣លានគ្រាប់ និងដើមកញ្ឆាចំនួន៣.១៣២ដើម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា