ដោយផ្តោតការ ពិភាក្សាលើតួនាទីស្ថាបនា ក្នុងការការពារសន្តិភាពនិងសន្តិសុខក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យពាណិជ្ជកម្ម ភស្តុភារកម្ម ថាមពល កសិកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថល និងនវានុវត្តបច្ចេកវិទ្យា ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រជាជន ក្នុងវិស័យអប់រំ វប្បធម៌ ទេសចរណ៍ និង យុវជន ក្នុងចំណោមវិស័យផ្សេងៗទៀត ព្រមទាំងបង្កើនសមាជិកភាព ដើម្បីថែរក្សាការពារ បំណងប្រាថ្នារួម របស់មនុស្សជាតិ កិច្ចប្រជុំក្រុមប្រឹក្សា ប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាល នៃអង្គការសហប្រតិបត្តិការ សៀងហៃ(SCO)លើកទី២៤បានប្រារព្ធឡើងនៅរដ្ឋធានីAstana ប្រទេសកាហ្សាក់ស្ថាន ។
SCOដែលមានប្រទេសចិន ជាកម្លាំងចលករបានពន្លឿន ការកើនឡើងនៃប្រជាប្រិយភាព របស់ខ្លួនចាប់ពីឆ្នាំ២០០១មក ទើបឆ្នាំ២០២៤នេះ បាននាំឱ្យSCOមានរដ្ឋចំនួន១០ជាសមាជិកអចិន្ត្រៃយ៍ ហើយSCOបានលាតសន្ធឹងលើដែនដីអឺរ៉ាស៊ី ដ៏ធំល្វឹងល្វើយដោយរួមបញ្ចូលតំបន់មជ្ឈិមបូព៌ា អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងតំបន់កូកាស ក្លាយអង្គការតំបន់ធំជាងគេបំផុត ដែលបានគ្របដណ្ដប់ប្រជាជនស្ទើរពាក់ កណ្តាលនៃប្រជាជន សរុបលើពិភពលោក ហើយមានផលិតផលសរុប ក្នុងស្រុករួមនៃសមាជិកទាំងអស់ របស់ SCOមានទំហំ៣២% នៃផលិតផលក្នុងស្រុកសរុប របស់ពិភពលោក ។ ក្នុងពេលដែលប្រទេសជាច្រើន នៅមានការប្រឈមមុខដាក់គ្នា និងការបែកបាក់ ដែលបន្សល់ទុក ដោយសង្រ្គាមត្រជាក់មិនទាន់ ត្រូវបានដោះស្រាយនៅឡើយ SCOយល់ស្របជាមួយ និងជំហរសន្តិភាពនិយមដូច ដែលប្រទេសចិនប្រកាន់ខ្ជាប់ដូចទៅនឹងប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានថ្លែង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងមហាសន្និបាត រំលឹកខួបលើកទី៧០ នៃការចេញផ្សាយគោលការណ៍ ៥ប្រការ នៃការរួមរស់ នៅដោយសនិ្តសហវិជ្ជមាន ថា«ត្រូវប្រកាន់ខ្ជាប់ នូវគោលការណ៍សមភាព នៃអធិបតេយ្យភាព ចាក់គ្រឹះដ៏រឹងមាំ សម្រាប់ការគោរពគ្នា ទៅវិញទៅមក សម្រេចបាននូវទស្សនទាន ស្តីពីសន្តិភាពនិងសន្តិសុខ ប្រមូលផ្តុំកម្លាំងចលក ដើម្បីកសាងវិបុលភាពជាមួយគ្នា ប្រកាន់ខ្ជាប់នូវទស្សនៈ ស្តីពីភាពសច្ចយុត្តិធម៌ និងបង្ហាញពីទស្សនៈស្តីពីការបើកចំហ និងបរិយាបន្ន»។
ដោយមានភាពរួមគ្នា លើចក្ខុវិស័យច្បាស់លាស់និងទំនួលខុសត្រូវខ្ពស់ ចំពោះអនាគតមនុស្សជាតិ កិច្ចប្រជុំកំពូលSCOលើកទី២៤ បានប្រមូលថ្នាក់ ដឹកនាំកំពូល នៃប្រទេស១០ជាសមាជិកអចិន្ត្រៃយ៍ និងបណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសសង្កេតការណ៍ និងដៃគូសន្ទនានានា មកជួបពិភាក្សាបង្កើន ឧត្តមានុភាព ពហុភាគីនិយម ការបើកចំហសេដ្ឋកិច្ចទីផ្សារ និងពាណិជ្ជកម្មសេរី នាយុគសម័យឌីជីថល ដើម្បីផ្តល់ពន្លឺរស្មី កាន់តែចិញ្ចែង ដល់សន្តិភាព ការអភិវឌ្ឍ និងវិបុលភាព សកល ព្រមទាំងបង្កើនឥទ្ធិពល ដើម្បីការពារកុំឱ្យសោកនាដកម្មប្រវត្តិសាស្រ្ត សកលលោកអាច កើតមានឡើងវិញទៀត ។ ក្នុងតួនាទីបុរេសកម្ម របស់ខ្លួនក្នុងSCO ប្រទេសចិនតែងយកស្មារតី នៃភាពជាដៃគូក្នុង យន្តការពហុភាគី និយម ដែលស្មារតីនៃភាពជាដៃគូ គឺជាគុណសម្បត្តិដ៏ ឧត្តុងឧត្តមបំផុត ជំរុញកំណើនសេដ្ឋកិច្ច បំណងរួម ក្នុងការដោះស្រាយវិបត្តិ និងបញ្ហាប្រឈមសកលនានា ។ គំនិតផ្តួចផ្តើមទាំង៤គឺ «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» «គំនិតផ្តួចផ្តើមសន្តិសុខសកល» «គំនិតផ្តួចផ្តើមអរិយធម៌សកល» របស់ប្រទេសចិន បានជួយជំរុញល្បឿន និង ប្រជាប្រិយភាពរបស់សមាជិកSCOទាំងអស់ បើទោះបីជាសមាជិកទាំងអស់ មានភាពខុសប្លែកគ្នា នៅក្នុងលក្ខខណ្ឌជាតិ និងដំណាក់កាលនៃការអភិវឌ្ឍយ៉ាងណាក៏ដោយ ។ ថ្លែងចេញពីកិច្ចប្រជុំកំពូលSCOលើកទី២៤ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិន បានជំរុញឱ្យរដ្ឋសមាជិកប្រកាន់ខ្ជាប់នូវចក្ខុវិស័យនៃសន្តិសុខរួម ទូលំទូលាយ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព ដោះស្រាយបញ្ហា ប្រឈមសន្តិសុខ ដែលស្មុគស្មាញ និងជាប់ទាក់ទងគ្នា តាមរយៈកិច្ចសន្ទនា និងការសម្របសម្រួល និងឆ្លើយតបទៅនឹង ការផ្លាស់ប្តូរទិដ្ឋភាពអន្តរជាតិយ៉ាងជ្រាលជ្រៅ ជាមួយនឹងវិធីសាស្រ្តឈ្នះ-ឈ្នះ ដើម្បីកសាងពិភពលោកនៃសន្តិភាពយូរអង្វែង និងថែរក្សាសន្តិសុខសកល ធានាយុត្តិធម៌ និងជំរុញគំនិតទូលំទូលាយនៃការរួមបញ្ចូលនិងការរៀនសូត្រគ្នាទៅវិញទៅមក ។
ដោយមានប្រទេសចិន ជាចលករ នៅក្នុងកិច្ចការពារផលផ្លែ នៃការអភិវឌ្ឍសន្តិភាព នៃចំណងយ៉ាងរឹងមាំពីក្រុមរដ្ឋ ចម្រុះជាតិសាសន៍ ដែលបានរួមកម្លាំងគ្នាស្ថាបនាអង្គការនយោបាយ សេដ្ឋកិច្ចនិងសន្តិសុខអឺរ៉ាស៊ី ប្រកបដោយទំនួលខុសត្រូវចំពោះជោគវាសនារួម នៃមនុស្សជាតិ។ ថ្នាក់ដឹកនាំនៃរដ្ឋដែលជាសមាជិករបស់អង្គការ តំបន់មួយនេះបានរួមចំណែកយ៉ាងសំខាន់ដល់អភិបាលកិច្ចសកល តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការថែរក្សាសន្តិសុខ ស្ថិរភាព និងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសកល ព្រមទាំងបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសសង្កេតការណ៍ និងដៃគូសន្ទនានានា និង សហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសហប្រជាជាតិ និងអង្គការតំបន់និងអន្តរជាតិដទៃផ្សេងទៀត។ លោក Xi Jinping ប្រធានរដ្ឋចិនក៏បានលើក ទឹកចិត្តដល់ SCO សម្រាប់យន្តការដោះស្រាយការគំរាមកំហែង និងបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់សហគមន៍អន្តរជាតិសម្រាប់ សន្តិភាពនិងការអភិវឌ្ឍនៅអាហ្វហ្គានីស្ថាន និងគាំទ្រការដោះស្រាយដ៏ទូលំទូលាយ និងយុត្តិធម៌ចំពោះបញ្ហាប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយរដ្ឋឯករាជ្យពីរ។
ដើម្បីសម្រេចនូវ គោលដៅ ក្នុងការពង្រឹងទំនុកចិត្តទៅវិញទៅមក និងទំនាក់ទំនងជាអ្នកជិតខាងល្អ ដែលប្រទេសចិនមានឆន្ទៈ ក្នុងការផ្តួចផ្តើម ចូលរួម ចែករំលែកនូវកាលានុវត្តភាព អភិវឌ្ឍជាមួយ សមាជិកទាំងអស់ដែលបានចូលរួមពួតដៃគ្នាក្រោមឆ័ត្រវិបុលភាពរបស់SCO។ ដោយមានចិនជាអ្នកផ្តួចផ្តើមបណ្តាសមាជិកSCOបាននិងកំពុងពង្រឹងទំនាក់ទំនងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន និងការពង្រីកទំហំនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ដើម្បីធ្វើ «នំខេក»ផលប្រយោជន៍ កាន់តែធំជាងមុនក្នុងការនាំសុភមង្គល ជូនដល់មនុស្សជាតិកាន់ តែប្រសើរឡើង ហើយ ដែលពិភពលោកកំពុងសម្លឹងមើល យកចិត្តទុកដាក់ ដើម្បីទាញបាននូវផលប្រយោជន៍ និងកាលានុវត្តភាពពីខ្លឹមសារ ជាសារវន្តនៃប្រសាសន៍ប្រកបដោយអត្ថន័យរបស់លោក Xi Jinping ប្រធានរដ្ឋចិនថា «សមាជិកSCOគួរតែប្រកាន់ខ្ជាប់នូវផលប្រយោជន៍ទៅវិញទៅមក និងបរិយាប័ន្ន រួមដៃគ្នាដើម្បីជំរុញការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រក្សាខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងផ្គត់ផ្គង់ឱ្យមានស្ថិរភាព និងរលូន ជំរុញកម្លាំងជំរុញផ្ទៃក្នុង នៃសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើការឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍រួម»។
ជារួម ដោយរក្សានូវបំណងប្រាថ្នាដើម នៃ «ស្មារតីសៀងហៃ» SCO នឹងក្លាយជាឆ័ត្រប្រកបដោយ វិបុលភាព ក្នុងជួយគ្នាទៅវិញទៅមក រវាងរដ្ឋសមាជិកទាំងអស់ ដើម្បីប្រកៀកស្មាគ្នា ដើរយ៉ាងស្វាហាប់នៅលើផ្លូវឆ្ពោះទៅរកភាពជោគជ័យ រួមគ្នារក្សាទិសដៅអភិវឌ្ឍន៍ របស់ SCO និងកសាង SCO ទៅជាឆ្អឹងខ្នងដែលអាចទុកចិត្តបាន សម្រាប់បណ្តាប្រទេសនានា និងអង្គការសហប្រជាជាតិ៕