ព័ត៌មានអន្តរជាតិ

ជប៉ុន ស្ទាក់ចាប់ទូកនេសាទ​ តៃវ៉ាន់មួយគ្រឿង សង្ស័យថា ចូលនេសាទខុសច្បាប់ក្នុងដែនទឹករបស់ខ្លួន

តូក្យូ ៖ ទូកនេសាទតៃវ៉ាន់មួយគ្រឿង ត្រូវបានអាជ្ញាធរជប៉ុនស្ទាក់ចាប់នៅព្រឹកព្រលឹមថ្ងៃសុក្រ ដោយសង្ស័យថា បានធ្វើប្រតិបត្តិការខុសច្បាប់ នៅក្នុងដែនទឹកក្បែរកោះ Amami-Oshima ក្នុងខេត្តភាគនិរតីនៃទីក្រុងកាហ្គោស៊ីម៉ា នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់។

ប្រភពបានឲ្យដឹងថា ទុកនេសាទ Fu Yang 266 ដែលបានចុះបញ្ជី នៅទីក្រុងកំពង់ផែ Keelung ភាគខាងជើងរបស់តៃវ៉ាន់ ត្រូវបានស្ទាក់ចាប់ដោយទីភ្នាក់ងារ ជលផលជប៉ុនប្រហែល ៣០០គីឡូម៉ែត្រ ភាគពាយព្យនៃកោះ Amami-Oshima ។

នាវា​ល្បាត​ឆ្មាំ​សមុទ្រ​តៃវ៉ាន់ ​ត្រូវ​បាន​បញ្ជូន​ទៅ​ស៊ើបអង្កេត​ស្ថានភាព​នេះ​ផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្រសួងការបរទេសរបស់កោះនេះបានឲ្យដឹងថា ការិយាល័យតំណាង របស់តៃវ៉ាន់ នៅប្រទេសជប៉ុនបានទាក់ទងទៅទីភ្នាក់ងារជលផល និងក្រសួងការបរទេសរបស់ប្រទេស ហើយបានអំពាវនាវឱ្យមានការ ដោះលែងទូក និងនាវិករបស់ខ្លួនជាបន្ទាន់ ដែលជាជនជាតិតៃវ៉ាន់ពីរនាក់ និងឥណ្ឌូនេស៊ី ៦នាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top