ឡុងដ៍ ៖ លោក Keir Starmer មេដឹកនាំមកពីគណបក្សការងារ ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល របស់ចក្រភពអង់គ្លេស ហើយបានក្លាយជា នាយករដ្ឋមន្ត្រីថ្មីជាផ្លូវការ ក្រោយពីបានចូលគាល់ ព្រះមហាក្សត្រ Charles III នៅវិមាន Buckingham ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃសុក្រ ។
លោក Starmer បានថ្លែងនៅក្នុងសុន្ទរកថា ដំបូងរបស់គាត់ក្នុងនាមជានាយករដ្ឋមន្ត្រី នៅមុខវិមាន Downing Street ថា “ប្រទេសរបស់យើងបានបោះឆ្នោត យ៉ាងម៉ឺងម៉ាត់បំផុត សម្រាប់ការផ្លាស់ប្តូរ និងការវិលត្រឡប់ នៃនយោបាយទៅកាន់សេវាសាធារណៈ” ។
លោក Starmer បានថ្លែងថា ពិភពលោកបានក្លាយទៅជា “រឿងងាយនឹងប្រែប្រួលណាស់” ។ ទោះជាយ៉ាងណាក៏ដោយ “ការផ្លាស់ប្តូរប្រទេសមួយមិនដូចជាការផ្លាស់ប្តូរអ្វីមួយនោះទេ” លោកបានបន្តថា ការងារដែលត្រូវផ្លាស់ប្តូរនឹងចាប់ផ្តើមភ្លាមៗ ប៉ុន្តែត្រូវចំណាយពេលមួយរយៈដែរ ។
លោកនាយករដ្ឋមន្ត្រីថ្មីបានគូសបញ្ជាក់ពីការផ្តោតអារម្មណ៍របស់លោកលើអ្វីដែល “គ្រួសារកម្មករ ដូចជាខ្ញុំអាចកសាងជីវិតរបស់ពួកគេបាន” ។ លោកបានសន្យាថា នឹងធ្វើឱ្យប្រព័ន្ធថែទាំសុខភាពដែលកំពុងជួបការលំបាករបស់ប្រទេសនេះស្តារឡើងវិញ ធានាបាននូវព្រំដែនអង់គ្លេស និងចូលរួមជាមួយនឹងតម្រូវការសាលារៀន និងផ្ទះដែលមានតម្លៃសមរម្យ ។
លោកបានថ្លែងទៀតថា “ប្រសិនបើខ្ញុំសួរអ្នកឥឡូវនេះ ថាតើ អ្នកជឿថា ចក្រភពអង់គ្លេសនឹងប្រសើរជាងសម្រាប់កូនរបស់អ្នកឬអត់នោះ ខ្ញុំដឹងថា អ្នកគ្រប់គ្នានឹងនិយាយថាទេ ដូច្នេះហើយរដ្ឋាភិបាលរបស់ខ្ញុំនឹងតស៊ូរហូតដល់អ្នកទាំងអស់គ្នាមានការជឿជាក់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា