ព័ត៌មានអន្តរជាតិ

BRICS ត្រៀមខ្លួន ដើម្បីដំណើរការប្រព័ន្ធហិរញ្ញវត្ថុថ្មីមួយ ដែលមានភាពឯករាជ្យ

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT បណ្តាប្រទេសនៃប្លុកសេដ្ឋកិច្ច BRICS បច្ចុប្បន្នកំពុងធ្វើការលើការដំណើរការប្រព័ន្ធហិរញ្ញវត្ថុដែលនឹងមានភាពឯករាជ្យពីការត្រួតត្រារបស់ភាគីទីបី នេះបើយោងតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិន Igor Morgulovបានបញ្ជាក់ ។

ប្រេសិតរូបនេះបាននិយាយកាលពីថ្ងៃសៅរ៍ នៅទីក្រុងប៉េកាំងថា ចំនួននៃប្រតិបត្តិការរបស់រុស្ស៊ីជារូបិយប័ណ្ណជាតិជាមួយប្រទេស BRICS ផ្សេងទៀតកំពុងកើនឡើង ឥតឈប់ឈរក្នុងពេលនេះ។

លោក Morgulov បានគូសបញ្ជាក់ថា ចំណូលពាណិជ្ជកម្មរុស្ស៊ី-ចិនបានឈានដល់ ២៤០ពាន់លានដុល្លារ ហើយថា ៩២ភាគរយនៃការប្រតិបត្តិការទាំងនោះ កំពុងត្រូវបានធ្វើឡើងជាលុយរុស្សី rubles និងប្រាក់យ័ន yuan។

ឯកអគ្គរដ្ឋទូតបាននិយាយទៀតដែរថា៖យើងកំពុងចាកចេញពីចន្លោះ ដែលគ្រប់គ្រងដោយប្រាក់ដុល្លារ និងអភិវឌ្ឍយន្តការ និងឧបករណ៍សម្រាប់ប្រព័ន្ធហិរញ្ញវត្ថុឯករាជ្យពិតប្រាកដ។

លោក Morgulov អះអាងថា៖ ការដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណតែមួយថ្មីគឺនៅតែជាមធ្យោបាយដែលត្រូវតែធ្វើហើយបានសង្កត់ធ្ងន់ថាថ្មីៗនេះក្រុម BRICS បានពង្រីកខ្លួនបន្ថែមទៀត ហើយឥឡូវនេះរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេត្យូពី អ៊ីរ៉ង់ និងអេហ្ស៊ីប ដែលពួកគេកំពុង ឆ្ពោះទៅរកទិសដៅនេះរួមគ្នាហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top