ព័ត៌មានអន្តរជាតិ

អាជ្ញាធរម៉ាឡេស៊ី ចាប់ខ្លួនស្រ្តីជនជាតិថៃ ២២នាក់ ដែលទៅរកស៊ីម៉ាស្សាបង្កប់សេវាផ្លូវភេទ នៅទីក្រុង កូឡាឡាំពួរ និងរដ្ឋ សេឡង់ហ្គ័រ

Photo: Bangkok Post file

អាជ្ញាធរម៉ាឡេស៊ី បានឃាត់ខ្លួនស្ត្រីបរទេសចំនួន ៣៩នាក់ ក្នុងនោះ ២២ នាក់ជាជនជាតិថៃ ពីបទផ្តល់សេវាម៉ាស្សាផ្លូវភេទដល់អតិថិជន ក្នុងការវាយឆ្មក់នៅក្នុងទីក្រុង កូឡាឡាំពួរ និងនៅជាប់រដ្ឋ សេឡង់ហ្គ័រ ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅហាងម៉ាស្សា ក្នុង ១០ ទីតាំងក្នុងរដ្ឋធានីម៉ាឡេស៊ី កូឡាឡាំពួរ និងរដ្ឋ សេឡង់ហ្គ័រ ដោយនាយកដ្ឋានប្រឆាំងការលេងល្បែងស៊ីសង និងសង្គមសម្ងាត់កាលពីថ្ងៃសុក្រ។ សារព័ត៌មាន New Straits Times បានរាយការណ៍ថា ព័ត៌មានមិនត្រូវបានបង្ហាញនោះទេ រហូតដល់ថ្ងៃអាទិត្យ ។

លោក Mohamad Farouk Eshak មន្ត្រីជាន់ខ្ពស់នៃអង្គភាពនេះ បាននិយាយថា ស្ត្រីចំនួន ២២នាក់ ដែលត្រូវបានចាប់ខ្លួន គឺជាជនជាតិថៃ រួមជាមួយឡាវ ៦នាក់ វៀតណាម ៥នាក់ ឥណ្ឌូនេស៊ី ៥នាក់ និងខ្មែរម្នាក់។

លោកត្រូវបានគេដកស្រង់សម្ដីថា «យើងបានចាប់ខ្លួនស្ត្រីចំនួន ៣៩ នាក់អាយុចន្លោះពី ១៩ ទៅ ៥០ ឆ្នាំ ដែលត្រូវបានគេសង្ស័យថាធ្វើការជាអ្នកម៉ាស្សា និងអ្នករកស៊ីផ្លូវភេទ។ ផ្នែកនេះជាក្រុមការងារពិសេសមួយ ស្ថិតក្រោមកម្លាំងប៉ូលិសម៉ាឡេស៊ី។

មន្ត្រីរូបនេះបានបន្ថែមថា ស្រ្តីទាំងនោះអាចត្រូវបាន ចោទប្រកាន់ពីបទពេស្យាចារ និងការចូលម៉ាឡេស៊ីដោយខុសច្បាប់ផងដែរ ខណៈដែលពួកគេបានប្រកាសពី គោលបំណងនៃការធ្វើដំណើររបស់ពួកគេថាជា “ដំណើរទស្សនកិច្ចសង្គម” ។

ស្ត្រីទាំងនោះបានអះអាងថា បានយកលុយពីអតិថិជនពី ៦០ ទៅ ១២០ រីងហ្គីត ស្មើនឹងប្រហែល ៤៦០ ទៅ ៩២០ បាត សម្រាប់ការម៉ាស្សា ដោយអតិថិជនតម្រូវឱ្យបន្ថែម ១៥០-៣២០ រីងហ្គីត (១.២០០-២.៤៧០ បាត សម្រាប់វគ្គដែលរួមបញ្ចូលសេវាកម្មផ្លូវភេទ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top