បរទេស៖ សារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពសន្តិសុខ និងចែករំលែកវីដេអូមួយថា ទាហានអ៊ុយក្រែនមួយក្រុមក្លាហាន ដោយនាំគ្នាហែលទឹកទន្លេ Dnieper ក្នុងគោលបំណងដើម្បីបង្ហាញការ ចុះចាញ់ជាមួយទាហានរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រូបភាពសខ្មៅថតពីយន្តហោះគ្មានមនុស្សបើក ពេលយប់បង្ហាញបុរសបួននាក់ ហែលទឹកទៅត្រើយម្ខាងទន្លេ។ ឃ្លីបនោះបង្ហាញពួកគេចេញពីទឹក ដោយដៃរបស់ពួកគេនៅពីក្រោយក្បាលរបស់ពួកគេ ខណៈដែលទាហានរុស្ស៊ីកំពុងរង់ចាំ ពួកគេនៅលើមាត់ច្រាំងរួចទៅហើយ។
យោងតាម RIA ទាហានអ៊ុយក្រែនបានប្រើក្បូនបណ្តោះអាសន្ន ដែលធ្វើពីដបប្លាស្ទិកទទេដើម្បីឆ្លងកាត់ទន្លេ Dnieper ។ ប្រភពបានប្រាប់ទីភ្នាក់ងារព័ត៌មានថា ទាហានទាំងបួននាក់បានចុះចាញ់នៅតំបន់ Kherson ។ អតីតទឹកដីអ៊ុយក្រែនបានចូលរួមជាមួយរុស្ស៊ី ជាផ្លូវការនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ បន្ទាប់ពីការធ្វើប្រជាមតិមួយ រួមជាមួយនឹងតំបន់ Zaporozhye ដែលនៅជិតខាង និងសាធារណរដ្ឋ Donbass ទាំងពីរ។
តំបន់ Kherson នៅតែត្រូវបានគ្រប់គ្រង ដោយផ្នែកខ្លះដោយប្រទេសរុស្ស៊ី ខណៈដែលទឹកដីរបស់ខ្លួន នៅលើច្រាំងខាងស្តាំនៃទន្លេ Dnieper រួមទាំងទីក្រុង Kherson នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ហើយទន្លេនេះបានបំបែកទីតាំងរបស់ភាគីសង្រ្គាម។ គេមិនដឹងច្បាស់ថាទាហានឆ្លងទន្លេនៅទីណាទេ ប៉ុន្តែទន្លេ Dnieper នៅតំបន់នោះមានទទឹងយ៉ាងតិចរាប់រយម៉ែត្រ។
RIA បានរាយការណ៍ថា ទាហានទាំងបួននាក់នេះ ធ្លាប់បានទាក់ទងយោធារុស្ស៊ីតាមរយៈ Telegram ពិសេស និងបញ្ជាក់ពីបំណង របស់ពួកគេក្នុងការទម្លាក់អាវុធ ដោយបន្ថែមថាពួកគេអាចពិភាក្សាលម្អិត អំពីការចុះចាញ់របស់ពួកគេជាមួយភាគីរុស្ស៊ីជាមុន ៕
ប្រែសម្រួលៈ ណៃ តុលា