ព័ត៌មានអន្តរជាតិ

សីតុណ្ហភាពសកលឡើងលើសពី ១,៥ អង្សាសេ ក្នុងរយៈពេល ១២ ខែជាប់គ្នា

AFP

ប្រ៊ុចសែល៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ គឺជាខែទី១២ ជាប់ៗគ្នានៃសីតុណ្ហភាពសកលលោក ឡើងដល់ ១,៥ អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម (១៨៥០-១៩០០) នេះបើយោងតាមសេវាបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប។

របាយការណ៍មួយបានចេញផ្សាយថា សីតុណ្ហភាពជាមធ្យមពិភពលោកក្នុងរយៈពេល ១២ខែចុងក្រោយ (ខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤) គឺខ្ពស់បំផុតក្នុងកំណត់ត្រាគឺ ០,៧៦អង្សាសេលើសពីមធ្យមភាគឆ្នាំ១៩៩១-២០០០ និង ១,៦៤អង្សាសេលើសពីមធ្យមភាគមុនឧស្សាហកម្មឆ្នាំ១៨៥០-១៩០០។ 

របាយការណ៍ក៏បានឲ្យដឹងផងដែរថាខែមិថុនាឆ្នាំ២០២៤ មានភាពក្តៅទូទាំងពិភពលោកជាងខែមិថុនាមុនៗ នៅក្នុងកំណត់ត្រាទិន្នន័យ ដែលមានសីតុណ្ហភាពខ្យល់ជាមធ្យម ១៦,៦៦អង្សាសេ។

របាយការណ៍នេះបានឲ្យដឹងថា នេះជាខែទី១៣ ជាប់ៗគ្នា ជាខែក្តៅបំផុតក្នុងកំណត់ត្រា ទិន្នន័យសម្រាប់ខែនីមួយៗនៃឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Carlo Buontempo នាយកនៃសេវាកម្មផ្លាស់ប្តូរអាកាសធាតុ Copernicus បានឲ្យដឹងថា “នេះលើសពីភាពចម្លែកនៃស្ថិតិ ហើយវាបង្ហាញពីការផ្លាស់ប្តូរដ៏ធំ និងបន្តនៅក្នុងអាកាសធាតុរបស់យើង” ។

លោក Buontempo បានលើកឡើងថា “ទោះបីជាកម្រិតជាក់លាក់នៃកម្រិតខ្លាំង នេះបញ្ចប់នៅចំណុចណាមួយក៏ដោយ យើងនឹងឃើញកំណត់ត្រាថ្មីត្រូវបានបំបែក នៅពេលដែលអាកាសធាតុនៅតែបន្តក្តៅ លុះត្រាតែយើងឈប់បន្ថែម ឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស និងមហាសមុទ្រ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top