ប៉ារីស ៖ ខែមុន គឺជាខែមិថុនា ដែលមានអាកាសធាតុក្តៅបំផុត នៅក្នុងកំណត់ត្រាជុំវិញពិភពលោក ដែលអ្នកឃ្លាំមើល អាកាសធាតុរ បស់សហភាពអឺរ៉ុបបានលើកឡើងឲ្យដឹងនៅថ្ងៃចន្ទនេះ ដោយបានបិទរយៈពេលកន្លះឆ្នាំ នៃអាកាសធាតុអាក្រក់ខ្លាំង និងបានបំផ្លិចបំផ្លាញ ក្រោយពីមានគ្រោះទឹកជំនន់រហូតដល់ឈានមកប្រែក្លាយជារលកកម្ដៅវិញ ។
ក្រុមសេវាកម្មតានដាន ការបំរ៉ែបំរួលអាកាសធាតុ ហៅកាត់ថា (C3S) បានឲ្យដឹងថា ជារៀងរាល់ខែ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ សីតុណ្ហភាពត្រូវបានបំបែក នៅក្នុងកំណត់ត្រា ដោយនៅក្នុងរយៈពេល១៣ខែ កម្តៅនៅលើពិភពលោកកើនឡើងខ្លាំងដែលមិនធ្លាប់មានពីមុនមកនោះទេ ។
លោក Carlo Buontempo នាយកក្រុមសេវាកម្ម បានលើកឡើងថា “នេះលើសពីភាពចម្លែកនៃស្ថិតិ ហើយវាបង្ហាញពីការផ្លាស់ប្តូរដ៏ធំ និងបន្តកើតឡើង នៅក្នុងអាកាសធាតុរបស់យើង” ។
លោកបានបញ្ជាក់ថា “ទោះបីជាកម្រិតកម្តៅ នៃកម្រិតខ្លាំងជាក់លាក់នេះបានបញ្ចប់នៅពេលណាមួយក៏ដោយ យើងនឹងឃើញកំណត់ត្រាថ្មីត្រូវបានបំបែក ខណៈដែលអាកាសធាតុបន្តឡើងកម្តៅ” ។
លោកបានឲ្យដឹងថា ករណីនេះគឺ “ជៀសមិនរួចនោះទេ” ដរាបណាមនុស្សជាតិយើងនៅតែបន្តបន្ថែមឲ្យមានឧស្ម័នដែលបង្កើនកម្តៅទៅក្នុងបរិយាកាសនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា