បរទេស៖ ប្រទេសហ្វីលីពីន និង ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទៅវិញទៅមក (RAA) ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរ ដាក់ពង្រាយកម្លាំងនៅលើដីរបស់គ្នាទៅវិញទៅមក ដែលជាព្រឹត្តិការណ៍សំខាន់ ក្នុងទំនាក់ទំនងសន្តិសុខ របស់ពួកគេចំពេលមានភាពតានតឹង កើនឡើងនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងរដ្ឋមន្ត្រីការបរទេសជប៉ុន Yoko Kamikawa បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅក្នុងពិធីមួយនៅទីក្រុងម៉ានីល ដែលធ្វើជាសាក្សីដោយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr , នេះបើតាមលេខាធិការទំនាក់ទំនងប្រធានាធិបតី Cheloy Garafil បាននិយាយនៅក្នុងសារមួយ។
កិច្ចព្រមព្រៀងនេះបង្កើតក្របខ័ណ្ឌមួយដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការយោធា ដូចជាធ្វើឱ្យការដំណើរការចូលក្នុងប្រទសរបស់បុគ្គលិកបរទេស និងបរិក្ខារងាយស្រួលសម្រាប់កម្លាំងបំពេញទស្សនកិច្ច។
ក្រុមមន្ត្រីបាននិយាយថា កិច្ចព្រមព្រៀងដែលជាប្រភេទដំបូងដែលត្រូវបាន ចុះហត្ថលេខាដោយប្រទេសជប៉ុននៅអាស៊ី គឺនឹងចូលជាធរមាន បន្ទាប់ពីការផ្តល់សច្ចាប័នដោយសភានៃប្រទេសទាំងពីរ ។
វត្តមានយោធាជប៉ុន នៅក្នុងប្រទេសហ្វីលីពីន អាចជួយទីក្រុងម៉ានីល ទប់ទល់នឹងឥទ្ធិពលរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលការទាមទារដែនសមុទ្រ ដ៏ធំទូលាយរបស់ទីក្រុងប៉េកាំង មានជម្លោះជាមួយប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍៕
ប្រែសម្រួលៈ ណៃ តុលា