ព័ត៌មានអន្តរជាតិ

សេតវិមានបដិសេធព័ត៌មានថា លោក Biden កំពុងព្យាបាលសម្រាប់ជំងឺខួរក្បាល ក្រោយឃើញពេទ្យឯកទេសជំងឺនេះ ចូលសេតវិមានច្រើនដង

AFP

បរទេស៖ ទីក្រុងវ៉ាស៊ីនតោន បានទទូចថា លោក Biden មិនត្រូវបានគេព្យាបាល សម្រាប់ជំងឺ ផាកឃីនសុន ដែលជាជំងឺខួរក្បាល ដែលបណ្តាល ឱ្យមានបញ្ហា ជាមួយនឹងចលនា សុខភាពផ្លូវចិត្ត ការគេង ការឈឺចាប់ និង បញ្ហាសុខភាពផ្សេងៗទៀតនោះទេ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា វេជ្ជបណ្ឌិតជំនាញខាងជំងឺនេះ បានទៅសេតវិមានជាច្រើនដង។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា CNN បានរាយការណ៍នៅថ្ងៃទី៨ ខែកក្កដាថា វេជ្ជបណ្ឌិត Kevin Cannard អ្នកឯកទេសខាងសរសៃប្រសាទ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed និងជាអ្នកជំនាញឈានមុខគេ លើជំងឺផាកឃីនសុន បានចូលទៅសេតវិមានយ៉ាងហោចណាស់៨ដងនៅចន្លោះខែសីហា ឆ្នាំ ២០២៣ ដល់ខែមីនា។ បញ្ជីឈ្មោះអ្នកចូលមកសេតវិមានគ្រាន់តែរាយឈ្មោះលោក Cannard ជួបជាមួយគ្រូពេទ្យសេតវិមានលោក Kevin O’Connor នៅពាក់កណ្តាលខែមករាប៉ុណ្ណោះ ប៉ុន្តែវាមិនច្បាស់ថា លោកបានជួបជាមួយនរណានៅក្នុងជំនួបផ្សេងទៀត។

នៅពេលសួរអំពីជំនួបរវាងវេជ្ជបណ្ឌិត Cannard និង O’Connor អ្នកនាំពាក្យសេតវិមានលោក Andrew Bates បាននិយាយនៅថ្ងៃទី៨ ខែកក្កដាថា “អ្នកជំនាញជាច្រើនមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed បានមកសេតវិមាន ដើម្បីព្យាបាលសមាជិកសេវាកម្ម រាប់ពាន់នាក់ដែលកំពុងធ្វើការនៅទីនេះ” ។

សេតវិមានក៏បានបដិសេធផងដែរចំពោះព័ត៌មានដែលថា ប្រធានាធិបតី Joe Biden កំពុងត្រូវបានព្យាបាលសម្រាប់ជំងឺផាកឃីនសុន។

អ្នកស្រី Jean-Pierre បានបដិសេធមិនបញ្ជាក់ ឬបញ្ជាក់លម្អិតអំពីដំណើរចូលរបស់លោកបណ្ឌិត Cannard មកកាន់សេតវិមាននោះទេ ដោយនិយាយថា លោកស្រីចង់គោរពឯកជនភាពរបស់អ្នកដែលពាក់ព័ន្ធសម្រាប់ហេតុផលសុវត្ថិភាព។ លេខាធិការសារព័ត៌មានសេតវិមានរូបនេះបានបន្ថែមថា លោក Biden បានជួបគ្រូពេទ្យសរសៃប្រសាទចំនួនបីដងសម្រាប់ការពិនិត្យប្រចាំឆ្នាំរបស់លោក។

សុខភាព និងអាយុ៨១ ឆ្នាំ របស់ប្រធានាធិបតី Biden បានស្ថិតក្នុងការចាប់អារម្មណ៍ បន្ទាប់ពីការសម្តែងការជជែកដេញដោល ដ៏ខកចិត្តរបស់លោកជាមួយគូប្រជែងគណបក្ស សាធារណរដ្ឋគឺលោក Donald Trump កាលពីខែមិថុនា ។ សមាជិកសភាគណបក្សប្រជាធិបតេយ្យមួយ ចំនួនបានអំពាវនាវឱ្យលោក Biden ដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតី ដោយទុកឱកាសសម្រាប់បេក្ខជនផ្សេងទៀត។

ប្រធានាធិបតី​អាមេរិក​បាន​បន្ធូរបន្ថយ​កង្វល់​ជាច្រើន​ដង​អំពី​ខ្លួន​លោក ហើយ​បាន​អះអាង​ថា​ លោកមាន​ស្មារតី​គ្រប់គ្រាន់​ដើម្បី​បន្ត​ភារកិច្ច​។ លោក​បាន​ប្រកាស​ថា លោក​នឹង​មិន​ដក​ខ្លួន​នោះទេ ដោយ​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​គាំទ្រ​លោក​ជា​ឯកច្ឆ័ន្ទ៕
ប្រែសម្រួលៈ ណៃ តុលា

To Top