ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប អាមេរិក កាតា អ៊ីស្រាអែល នឹងពិភាក្សាអំពីបទឈប់បាញ់ហ្គាហ្សា នៅទីក្រុងដូហា ប៉ុន្ដែមិនមានប៉ាឡេស្ទីន ចូលរួម

AFP

គ៊ែរ៖ ទូរទស្សន៍ Al-Qahera News របស់ប្រទេសអេហ្ស៊ីបបានរាយការណ៍ថា គណៈប្រតិភូមកពីប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក កាតា និងអ៊ីស្រាអែល នឹងជួបប្រជុំគ្នានៅថ្ងៃពុធក្នុងរដ្ឋធានីដូហា របស់ប្រទេសកាតា ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់ហ្គាហ្សា។

របាយការណ៍បានឲ្យដឹងថា ប្រមុខស៊ើបការណ៍អេហ្ស៊ីបលោក Abbas Kamel និងសមភាគីសហរដ្ឋអាមេរិករបស់លោក គឺលោក William Burns កំពុងដឹកនាំគណៈប្រតិភូអេហ្ស៊ីប និងសហរដ្ឋអាមេរិករៀងៗខ្លួន បន្ទាប់ពីបានបញ្ចប់ការពិភាក្សាយ៉ាងស៊ីជម្រៅនៅទីក្រុងគែរ កាលពីថ្ងៃអង្គារ។

កិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងគែរ ក៏មានការចូលរួមដោយក្រុមចរចារបស់អ៊ីស្រាអែល ដែលដឹកនាំដោយលោក Ronen Bar ដែលជាប្រធានសេវាកម្មសន្តិសុខ Shin Bet របស់អ៊ីស្រាអែល។

ចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣ អេហ្ស៊ីប បាននិងកំពុងធ្វើការដើម្បីសម្របសម្រួល កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សា រួមជាមួយនឹងអ្នកសម្របសម្រួល មកពីសហរដ្ឋអាមេរិក និងកាតា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top