តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា នាវាពិឃាតរបស់កងកម្លាំងស្វ័យការពារ ដែនសមុទ្ររបស់ជប៉ុនបានធ្វើដំណើរចូលទៅ ក្នុងដែនទឹករបស់ចិនជាបណ្តោះអាសន្ន ពីខេត្តស៊ីឆាង ភាគខាងកើតរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បើទោះបីជាមានការព្រមានម្តងហើយម្តងទៀត ពីនាវាចិនក៏ដោយ ។
នាវា Suzutsuki ដែលមានភារកិច្ចត្រួតពិនិត្យសមយុទ្ធយោធា របស់ចិននៅលើសមុទ្រខ្ពស់ បានរុករកចូលទៅក្នុងដែនទឹករបស់ចិនកាលពីថ្ងៃទី០៤ ខែកក្កដា នៅក្នុងចលនាដ៏កម្រមួយដោយ នាវាកងកម្លាំងស្វ័យការពារ។
ប្រភពបានឲ្យដឹងថា ទីក្រុងប៉េកាំងបានបង្ហាញពីការព្រួយបារម្ភ ដ៏ធ្ងន់ធ្ងររបស់ខ្លួនទៅកាន់ទីក្រុងតូក្យូជុំវិញឧប្បត្តិហេតុនេះ ដែលនាំឱ្យក្រសួងការពារជាតិជប៉ុន បើកការស៊ើបអង្កេតលើកាពីទែននាវានេះ ក្នុងនោះក្រសួងបានបដិសេធមិនធ្វើអត្ថាធិប្បាយ លើបញ្ហាទាក់ទងនឹងប្រតិបត្តិការរបស់ SDF ។
មួយថ្ងៃមុនពេលនាវាពិឃាត MSDF ចូលទៅក្នុងដែនទឹករបស់ចិន អាជ្ញាធរខេត្តស៊ីឆាង បានឲ្យដឹងថា តំបន់គ្មាននាវានឹងត្រូវបានបង្កើតឡើង នៅក្នុងតំបន់ក្បែរនោះ សម្រាប់យោធាចិន ដើម្បីធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយបើកចំហហានិភ័យនៃឧបទ្ទវហេតុ ដែលកើតឡើងដោយសារតែវត្តមាននាវា Suzutsuki។
រដ្ឋាភិបាលចិន សង្ស័យថាឧបទ្ទវហេតុនេះគឺជា “ការបង្កហេតុដោយចេតនា” ដោយនាវាពិឃាត ជប៉ុន ហើយបាននិងកំពុងប្រមូល និងវិភាគព័ត៌មានពាក់ព័ន្ធ ៕
ប្រែសម្រួល ឈូក បូរ៉ា