តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានជួបប្រជុំគ្នាកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីការគំរាមកំហែងផ្នែកយោធា ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង និងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី។
លោក គីស៊ីដា បានប្រាប់លោក Yoon ថា “ដោយគិតពីស្ថានភាពអន្តរជាតិបច្ចុប្បន្ន វាមានសារៈសំខាន់ខ្លាំងណាស់ ដែលមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង ចែករំលែកទំនាក់ទំនងដ៏រឹងមាំនៃការជឿទុកចិត្ត និងការទទួលស្គាល់បញ្ហាយុទ្ធសាស្ត្រ ហើយធ្វើការពិភាក្សា និងសហការយ៉ាងជិតស្និទ្ធជាមួយគ្នា” ដោយកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរនៅទីក្រុងវ៉ាស៊ីនតោន។
លោក គីស៊ីដា ក៏បានឲ្យដឹងផងដែរថា បរិយាកាសសន្តិសុខនៃ Euro-Atlantic និងឥណ្ឌូប៉ាស៊ីហ្វិកគឺ “កាន់តែខ្លាំងឡើងដែលមិនអាចបំបែកបាន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
លោក Yoon បានឲ្យដឹងថាការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចរបស់កូរ៉េខាងជើងជាមួយរុស្ស៊ីបន្ទាប់ពីការចុះហត្ថលេខារបស់ពួកគេកាលពីខែមុននៃសន្ធិសញ្ញាភាពជាដៃគូទូលំទូលាយ ដែលរួមបញ្ចូលទាំងការផ្តល់ជំនួយទៅវិញទៅមក ប្រសិនបើភាគីម្ខាងទៀតត្រូវបានវាយប្រហារ “កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសន្តិសុខពិភពលោក មិនមែននិយាយអំពីអាស៊ីបូព៌ានោះទេ “៕ ប្រែសម្រួល ឈូក បូរ៉ា