ព័ត៌មានអន្តរជាតិ

ក្រុមចារកម្មអ៊ុយក្រែន មានផែនការដុតបំផ្លាញ នាវាផ្ទុកយន្តហោះ និងធ្វើឃាតមន្ត្រី យោធាកំពូលៗ របស់រុស្ស៊ី

Sputnik

បរទេស៖ សេវាសន្តិសុខសហព័ន្ធ (FSB) បានបង្ហាញឱ្យដឹងថា ប្រតិបត្តិកររុស្ស៊ីបានរារាំងផែនការ របស់អ៊ុយក្រែន ដើម្បីបំផ្លាញនាវាផ្ទុកយន្តហោះ តែមួយគត់របស់ប្រទេសរុស្ស៊ី ហើយក៏បានរារាំងផែនការ របស់ក្រុងកៀវ ក្នុងការធ្វើឃាតមន្ត្រីយោធា កំពូលៗមួយចំនួន រុស្ស៊ីថែមទៀតផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធ ទីភ្នាក់ងារនេះបាននិយាយថា សេវាស៊ើបការណ៍សម្ងាត់របស់ទីក្រុងគៀវ បានស្វែងរកការរៀបចំ “ការវាយប្រហារភេរវកម្ម” លើនាវាផ្ទុកយន្តហោះធុនធ្ងន់ Admiral Kuznetsov ដែលចូលចតនៅទីក្រុង Murmansk ភាគខាងជើងនៃប្រទេសរុស្ស៊ី។

នៅក្នុងខែមីនា ភ្នាក់ងារអ៊ុយក្រែន ដែលប្រើឈ្មោះហៅក្រៅថា ‘Oleg’ បានទាក់ទងទៅមន្ត្រីកងទ័ពជើងទឹក រុស្ស៊ីដែលមិនបញ្ចេញឈ្មោះ ដែលបម្រើការនៅលើកប៉ាល់ នេះបើយោងតាម FSB ។ ក្នុងអំឡុងពេលនៃការសន្ទនានោះ ‘Oleg’ បានប្រើ “សម្ពាធផ្លូវចិត្ត” លើមន្រ្តីរូបនោះដើម្បីបញ្ចុះបញ្ចូលគាត់ ឱ្យធ្វើការវាយប្រហារភេរវកម្ម។

នេះរួមបញ្ចូលទាំងការគំរាមកាត់ទោស លោកលើបទចោទប្រកាន់ ដែលបានផ្តល់ហិរញ្ញប្បទានដល់យោធាអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍ បាននិយាយថា មន្ត្រីកងទ័ពជើងទឹក ត្រូវបានគេសន្យាថា នឹងផ្តល់ប្រាក់យ៉ាងច្រើន ហើយត្រូវបានគេប្រាប់ថា គាត់អាចភៀសខ្លួន ទៅក្រៅប្រទេស ដោយប្រើឯកសារក្លែងបន្លំបន្ទាប់ ពីការបំផ្លិច បំផ្លាញរួចហើយ។

ទោះបីជាយ៉ាងណា ក៏ដោយ មន្ត្រីរូបនេះ បានរាយការណ៍ពីផែនការនេះ ទៅឱ្យសមត្ថកិច្ចអនុវត្តច្បាប់ ដែលបន្ទាប់មក បានបើកប្រតិបត្តិការ មួយដើម្បីបង្ហាញមុខភ្នាក់ងារអ៊ុយក្រែនខាងលើ។ សេវាស៊ើបការណ៍សម្ងាត់ នៅទីក្រុងគៀវ បានប្រើប្រាស់សេវាកម្មដឹកជញ្ជូន ដើម្បីបញ្ជូនមន្ត្រី កងទ័ពជើងទឹក ធាតុផ្សំជាច្រើន ដើម្បីធ្វើឧបករណ៍ដុតបំផ្លាញ នាវាផ្ទុកយន្តហោះរបស់រុស្ស៊ី។ FSB បាននិយាយថា មន្ត្រីរុស្សី ត្រូវបានគេប្រាប់ថា បន្ទាប់ពីគាត់បានផ្តល់ជាវីដេអូភស្តុតាង នៃអគ្គីភ័យនៅលើកប៉ាល់ហើយ នោះគាត់នឹងនាំទៅ កាន់ប្រទេសហ្វាំងឡង់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top