បរទេស៖ មេដឹកនាំកំពូល របស់បណ្តាញព័ត៌មានខ្សែកាប (CNN) នៅថ្ងៃពុធ គឺបានប្រកាស កាត់បន្ថយការងារចំនួន ១០០ ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ។
ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកប្រហែល ១០០ នាក់ ឬប្រហែល ៣ភាគរយ នៃកម្លាំងការងាររបស់ខ្លួន។ លោក Mark Thompson ដែលជាប្រធានបណ្តាញ បាននិយាយនៅក្នុងអនុស្សរណៈមួយទៅកាន់និយោជិតថា ការបញ្ឈប់ការងារ នឹងកើតឡើង “ទូទាំងក្រុមហ៊ុន” ហើយ CNN ចុងក្រោយមានការបញ្ឈប់ ការងារសំខាន់ៗ កាលពីចុងឆ្នាំ ២០២២។
លោក Thompson បានប្រកាសពី ការកាត់បន្ថយការងារ ខណៈដែលក្រុមហ៊ុន បានចាប់ផ្តើម បង្ហាញពីជំហាន លើផែនការ ឌីជីថល ដែលលោកបាន និយាយថា នឹងជួយបណ្តាញ “ទទួលបានតំណែង ជាអ្នកដឹកនាំឡើងវិញ នៅក្នុងបទពិសោធន៍ព័ត៌មាននាពេលអនាគត” ។
Thompson ដែលជាអតីត នាយកប្រតិបត្តិនៃកាសែត The New York Times និងជាអ្នកដឹកនាំជាន់ខ្ពស់ នៅសាជីវកម្មផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស (BBC) បានមើលការខុសត្រូវលើទូរទស្សន៍ CNN ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។ លោកបានសន្យាថា នឹងបង្កើតយុទ្ធសាស្ត្រឌីជីថលដ៏រឹងមាំជាងមុន នៅពេលដែលមនុស្សគេច ចេញពីកញ្ចប់ខ្សែ កាបតាមបែបប្រពៃណី ដើម្បីគាំទ្រការផ្សាយកម្សាន្ត ។
ការវាយតម្លៃកម្រិតគុណភាព របស់ CNN បានធ្លាក់ចុះក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ច្រើនជាងអ្នកប្រកួតប្រជែង ចម្បងរបស់ខ្លួន រួមមាន Fox News និង MSNBC ។ លើសពីនេះទៀត ក្រុមហ៊ុនមេរបស់ CNN គឺ Warner Bros Discovery មានបន្ទុកបំណុលដ៏ធំ ហើយតម្លៃភាគហ៊ុនរបស់ CNN ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរនៅឆ្នាំនេះ៕
ប្រែសម្រួលៈ ណៃ តុលា