អាឌែន៖ រយៈពេលជិត ៦ខែបន្ទាប់ពីការបើកការ វាយប្រហារតាមអាកាសលើកដំបូង របស់ខ្លួនប្រឆាំងនឹងគោលដៅក្រុម Houthi សម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក បានដើរទៅមុខតិចតួចក្នុងការ ទប់ស្កាត់ការវាយប្រហារ តាមដែនសមុទ្ររបស់ក្រុម ប្រដាប់អាវុធយេម៉ែន ។
យោធាអាមេរិក ដែលភាគច្រើនសហការជាមួយកងកម្លាំងអង់គ្លេស បានធ្វើការវាយប្រហារ តាមអាកាសរាប់រយដង ប្រឆាំងនឹងតំបន់ ដែលគ្រប់គ្រងដោយក្រុម Houthi ក្នុងប្រទេសយេម៉ែន ប៉ុន្តែក្រុមនេះបានបន្តការវាយ ប្រហាររបស់ខ្លួន លើនាវានៅសមុទ្រក្រហម និងពង្រីកការវាយប្រហារ ទៅកាន់មហាសមុទ្រឥណ្ឌា និងសមុទ្រមេឌីទែរ៉ាណេ។
អ្នកវិភាគយេម៉ែនបានឲ្យដឹងថា ផលប៉ះពាល់មានកម្រិត នៃអន្តរាគមន៍របស់សហរដ្ឋអាមេរិក គូសបញ្ជាក់អំពីដែនកំណត់ នៃការដាក់ពង្រាយ នាវាចម្បាំងទៅកាន់តំបន់ ដែលមានការប្រែប្រួលបែបនេះ។
ប្រតិបត្តិការយោធាអាមេរិកបរាជ័យក្នុងការរារាំងការវាយប្រហាររបស់ក្រុមប្រដាប់អាវុធយេម៉ែន ក្នុងនោះរយៈពេល ៦ខែបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសលើកដំបូងរបស់សហរដ្ឋអាមេរិក-អង់គ្លេស ប្រឆាំងនឹងគោលដៅក្រុម Houthi ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃទី១២ ខែមករា អន្តរាគមន៍មានកម្រិតដំបូងបានវិវត្តទៅជាយុទ្ធនាការប្រចាំថ្ងៃជិតៗ ខណៈពេលដែលសហរដ្ឋអាមេរិក រក្សាការវាយប្រហារបានធ្វើឱ្យសមត្ថភាពរបស់ក្រុម Houthi ធ្លាក់ចុះយ៉ាងខ្លាំង។
ការវាយប្រហារតាមអាកាស ដែលដំបូងឡើយ ត្រូវបានចាត់ ទុកថាជាការឆ្លើយតប “តែមួយដង” ចំពោះការគំរាម កំហែងមីស៊ីល របស់ក្រុម Houthi ឥឡូវនេះបានកំណត់គោលដៅ ទូលំទូលាយនៃហេដ្ឋារចនាសម្ព័ន្ធ Houthi រួមទាំងកាំជ្រួចមីស៊ីល រ៉ាដា និងទ្រព្យសម្បត្តិយោធាផ្សេងទៀត។
ទោះជាយ៉ាងណា ក្រុម Houthis បានបន្តបើកការវាយប្រហារលើផ្លូវសមុទ្រសំខាន់ៗ ហើយចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣ ពួកគេបានលិចនាវាពាណិជ្ជកម្មពីរគ្រឿង គឺនៅក្នុងខែមីនា មួយគ្រឿង និងនៅក្នុងខែមិថុនាមួយគ្រឿងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា