ព័ត៌មានអន្តរជាតិ

ភាពរស់រវើក នៃសេដ្ឋកិច្ចចិន នឹងរួមចំណែក ដល់ការងើបឡើង នៃសេដ្ឋកិច្ចសកល

នាពេលថ្មីៗនេះ សហគមន៍អន្តរជាតិ បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសចិន ។ ភ្នាក់ងារសារព័ត៌មានអន្តរជាតិ និងក្រុមអ្នកស្រាវជ្រាវ បានចេញផ្សាយអត្ថបទ និងធ្វើបទអត្ថាធិប្បាយវិភាគ ជាច្រើនអំពីស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសចិន ដែលក្នុងនោះអ្នកខ្លះ បានធ្វើការវិភាគប្រកប ដោយហេតុផលសមស្រប ប៉ុន្តែអ្នកមួយចំនួនទៀត បានសរសេរបំភ្លៃខុសពីការពិត និងលាបពណ៌អវិជ្ជមាន លើស្ថានភាពសេដ្ឋកិច្ចរបស់ចិន ។
ការវិភាគបែបលាបពណ៌ខាងលើ គឺមានចេតនាផ្នែកនយោបាយច្រើន ជាងបង្ហាញពីភាពពិតជាក់ស្តែង នៃស្ថានភាពសេដ្ឋកិច្ច របស់ចិន ។

តើអ្វីទៅជានិន្នាការបច្ចុប្បន្ន នៃស្ថានភាពសេដ្ឋកិច្ចរបស់ចិន? ផ្ទុយពីការលាបពណ៌របស់អ្នកវិភាគមួយចំនួន សេដ្ឋកិច្ចចិននៅតែមានភាពរស់រវើក និងរក្សាបាននូវសន្ទុះ នៃការងើបឡើងវិញ ដ៏គួរឱ្យកត់សម្គាល់ចាប់តាំងពីដើមឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើនផលិតផល ក្នុងស្រុកសរុប (ផ.ស.ស) ប្រមាណ ៥,៣% ក្នុងត្រីមាសទីមួយ ហើយផ.ស.សរបស់ចិនត្រូវបានរំពឹងទុកថា នឹងបន្តកំណើនថេរនៅក្នុងត្រីមាសទីពីរនេះ ។ ការណ៍នេះ ធ្វើឱ្យស្ថាប័នអន្តរជាតិមួយចំនួនដូចជា Barclays និង Goldman Sachs បានបង្កើនការព្យាករណ៍ចំពោះអត្រាកំណើនផ.ស.សរបស់ចិន ពី ៤,៤% មក ៥% និង ៤,៨% ក្នុងឆ្នាំ ២០២៤ រៀងគ្នា ហើយថ្មីៗនេះ ធនាគារពិភពលោកក៏បានកែប្រែការព្យាករណ៍ពីអត្រាកំណើនសេដ្ឋកិច្ចចិន ពី ៤,៥% មក ៤,៨% នៅឆ្នាំ២០២៤ ។ តួរលេខនេះគឺជាទឡ្ហីករណ៍ ដែលមានលក្ខណៈវិទ្យាសាស្ត្រ និងមិនអាចប្រកែកបានថា សេដ្ឋកិច្ចចិននៅតែមានភាពធន់ និងបន្តនូវភាពរស់រវើក របស់ខ្លួន ទោះបីស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុង ប្រឈមនឹងភាពមិនប្រាកដប្រជា និងអត្រាកំណើនយឺតក៏ដោយ។ ជាក់ស្តែងនៅឆ្នាំ២០២៣ កន្លងទៅ ទោះបីប្រទេសចិនជួបបញ្ហាប្រឈមនានាពីមជ្ឈដ្ឋានខាងក្រៅ និងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យក្នុងស្រុកក៏ដោយ ចិននៅតែអាចសម្រេច បានកំណើនផ.ស.ស ៥,២% ដែលនេះបានបង្ហាញភាពធន់ នៃសេដ្ឋកិច្ចចិន ខុសពីការបំភ្លៃរបស់អ្នកអគតិមួយចំនួន ។ ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកលំដាប់ទី២ ប្រទេសចិនបានរួមចំណែកដល់កំណើនផ.ស.សរបស់ពិភពលោកប្រមាណ ៣០% ហើយត្រូវបានសម្លឹងមើលឃើញថា នឹងនៅតែបន្តដើរតួនាទី ជាក្បាលម៉ាស៊ីនដ៏ធំបំផុតមួយ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចសកល ឱ្យឈានដល់កម្រិតថ្មី មួយទៀត ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ។

ទាំងនេះពុំមែនជាអ្វី ដែលកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែជាកិច្ចប្រឹងប្រែងរួមរបស់រដ្ឋាភិបាលចិន ដែលមានឯកឧត្តមប្រធានរដ្ឋ ស៊ី ជីនពីង ជាអគ្គមគ្គុទេសដ៏ឆ្នើម និងកម្លាំងសាមគី្គភាពរបស់ប្រជាជនចិនទាំង ១,៤ ប៊ីលាននាក់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រដ្ឋាភិបាលចិនបាន និងកំពុងដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដោយផ្តោតសំខាន់លើការបង្កើតកម្លាំងផលិតថ្មី ក្នុងវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា និងឧស្សាហកម្មទំនើប ហើយលទ្ធផល បានមកពីកិច្ចប្រឹងប្រែងទាំងអស់នេះ នឹងជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ មិនថាស្ថានភាពពិភពលោកមានការប្រែប្រួល ឆាប់រហ័ស និងស្មុគ្រស្មាញយ៉ាងណា សេដ្ឋកិច្ចចិននៅតែបន្តនូវភាពរស់រវើក និងរួមចំណែកជាវិជ្ជមាន ដល់ការងើបឡើង នៃសេដ្ឋកិច្ចសកល ហើយគោលដៅកំណើន ៥% នៅចុងឆ្នាំ២០២៤ នឹងអាចសម្រេចបានដូចអ្វី ដែលរដ្ឋាភិបាលចិនបានគ្រោងទុក ។

ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

To Top