រ៉ងហ្គូន៖ គណៈកម្មាធិការកណ្តាល សម្រាប់ការគ្រប់គ្រងគ្រឿងញៀន ហៅកាត់ថា (CCDAC) បានរាយការណ៍កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ យ៉ាងដូច្នេះថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសសារធាតុញៀន ប្រភេទហេរ៉ូអ៊ីន ចំនួន១០៥គីឡូក្រាម ស្មើនឹង៣០០ដុំនៅរដ្ឋ Shan ស្ថិតនៅភាគខាងកើត នៃប្រទេសមីយ៉ាន់ម៉ា ។
គណៈកម្មាធិការ CCDAC បានឲ្យដឹងថា ការធ្វើសកម្មភាពគឺតាមរយៈព័ត៌មានសម្ងាត់ ប៉ូលិសប្រឆាំងគ្រឿងញៀន បានស្ទាក់ចាប់រថយន្តចំនួន២គ្រឿងនៅក្នុងក្រុង Tachilek នៃរដ្ឋ Shan កាលពីថ្ងៃអង្គារ ហើយរឹបអូសបានសារធាតុញៀន ប្រភេទហេរ៉ូអ៊ីន ពីរថយន្តទាំងនោះ។
គណៈកម្មាធិការដដែលនេះបានឲ្យដឹងថា សារធាតុញៀនដែលរឹបអូសបាននោះ មានតម្លៃប្រមាណ ១,៥៧ពាន់លានគីយ៉ាត ស្មើនឹងប្រហែល៧៤៧.៦១៩ដុល្លារសហរដ្ឋអាមេរិក ហើយជនសង្ស័យចំនួន៣នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធ នឹងករណីមួយនេះ ។
ការស៊ើបអង្កេតបានបង្ហាញថា គ្រឿងញៀនត្រូវបាន ដឹកជញ្ជូនពីក្រុង Namsang នៃរដ្ឋ Shan ភាគខាងត្បូង ឆ្ពោះទៅកាន់ក្រុង Tachilek នៃរដ្ឋ Shan ភាគខាងកើត។
គួរបញ្ជាក់ថាផងដែរ ជនសង្ស័យត្រូវបានចោទប្រកាន់ ដោយស្ថិតក្រោមច្បាប់គ្រឿងញៀន និងសារធាតុញៀនក្នុងប្រទេសនេះ ហើយការស៊ើបអង្កេតបន្ថែមទៀត កំពុងដំណើរការនីតិវិធីបន្ត ៕
ដោយ៖ ម៉ៅ បុប្ផាមករា