តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសចិន និងជប៉ុន មិនបានប្រើប្រាស់បណ្តាញ ទូរស័ព្ទបន្ទាន់ការពារជាតិរបស់ពួកគេ ដើម្បីទំនាក់ទំនងជុំវិញឧបទ្ទវហេតុកាលពីសប្តាហ៍មុន ដែលនាវាពិឃាត របស់កងកម្លាំងស្វ័យ ការពារដែនសមុទ្រ បានបើកចូលទៅក្នុងដែន ទឹករបស់ចិន ជាបណ្តោះអាសន្ននោះទេ ដោយចោទសួរអំពីប្រសិទ្ធភាព នៃខ្សែបន្ទាត់ផ្ទាល់ ក្នុងការគ្រប់គ្រងវិបត្តិ។
ការទំនាក់ទំនងទ្វេភាគីត្រូវបានធ្វើឡើងជំនួសវិញតាមរយៈបណ្តាញធម្មតា ដែលពាក់ព័ន្ធនឹងមន្ត្រីបរទេស និងការពារជាតិ បន្ទាប់ពីនាវាពិឃាត MSDF Suzutsuki ដែលមានភារកិច្ច ត្រួតពិនិត្យសមយុទ្ធយោធារបស់ចិន នៅលើសមុទ្រខ្ពស់បាន ចូលដែនទឹករបស់ប្រទេសចិន ក្នុងខេត្តស៊ីឆាង ភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃទី០៤ ខែកក្កដា បើទោះបីជាមានការព្រមាន ម្តងហើយម្តងទៀតពីនាវាចិនក៏ដោយ។
តាមរយៈបណ្តាញទាំងនោះ ប្រទេសចិន បានបង្ហាញពីការព្រួយ បារម្ភយ៉ាងខ្លាំង របស់ខ្លួនទៅកាន់ប្រទេសជប៉ុន នៅថ្ងៃដដែលនោះ ខណៈដែលជប៉ុនបានប្តេជ្ញាស៊ើបអង្កេតករណីនេះ។ ប្រភពបានបន្ថែមថា មន្ត្រីមួយចំនួនគិតថា ខ្សែទូរស័ព្ទបន្ទាន់ការពារជាតិអាចត្រូវ បានគេប្រើប្រាស់ពាក់ព័ន្ធនឹងបញ្ហានេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន បានតវ៉ាជុំវិញ “ការផ្លាស់ទីខុសច្បាប់ និងមិនត្រឹមត្រូវ” របស់នាវាជប៉ុន ហើយថាទីក្រុងតូក្យូ បានពន្យល់ថា វាគឺជា “កំហុសបច្ចេកទេស” ៕
ប្រែសម្រួល ឈូក បូរ៉ា