ប៊ែរឡាំង៖ ស្ថានទូតចិន ប្រចាំប្រទេសអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការសម្រេចចិត្តរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការដកផ្នែកទូរគមនាគមន៍ចិន ជាបណ្តើរៗចេញពីបណ្តាញ 5G របស់ខ្លួន។
ក្រសួងមហាផ្ទៃសហព័ន្ធរបស់ប្រទេសអាល្លឺម៉ង់ បានប្រកាសសេចក្តីសម្រេចនេះ កាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងនូវអ្វីដែលហៅថា ហានិភ័យសន្តិសុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតចិនបានឲ្យដឹងថា ការសម្រេចចិត្តបែបនេះ គឺផ្អែកលើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានថាក្រុមហ៊ុនចិន រួមទាំងក្រុមហ៊ុន Huawei និង ZTE បានធ្វើប្រតិបត្តិការជាយូរមក ហើយនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ដោយធ្វើឱ្យមានការរួមចំណែកជាវិជ្ជមាន ដល់ដំណើរការឌីជីថលរបស់ប្រទេសអាល្លឺម៉ង់។
អ្វីដែលគេហៅថា “ហានិភ័យសុវត្ថិភាពបណ្តាញ” គ្រាន់តែជាលេសរបស់ប្រទេសមួយចំនួន ដើម្បីរក្សាអនុត្តរភាពបច្ចេកវិទ្យា និងបង្ក្រាបដៃគូប្រកួតប្រជែង ដោយបន្ថែមថា មិនមានភស្តុតាងណាមួយ ដែលបង្ហាញថាក្រុមហ៊ុនចិន ទាំងនេះមានគ្រោះថ្នាក់ដល់ប្រទេសណាមួយនោះទេ។
ដោយកត់សម្គាល់ថាប្រទេសចិន តែងតែរក្សាអាកប្បកិរិយាបើកចំហ ចំពោះក្រុមហ៊ុនអ៊ឺរ៉ុបដូចជា Nokia និង Ericsson ក្នុងការតំឡើងបណ្ដាញ 5G របស់ខ្លួន សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការផ្លាស់ប្តូររបស់អាល្លឺម៉ង់ នឹងធ្វើឱ្យខូចទំនុកចិត្តគ្នាទៅវិញទៅមកយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប នាពេលអនាគតក្នុងវិស័យពាក់ព័ន្ធ ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									