KATHMANDU៖ ប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា មនុស្សចំនួន ១២នាក់បានស្លាប់ និងចំនួន៦៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្រោយពីរថយន្តក្រុង របស់ពួកគេត្រូវបានទឹកបោកបក់ និងដោយសារមានគ្រោះបាក់ដីកើតឡើង ដែលនេះជាឧបទ្ទវហេតុ ដាច់ដោយឡែកពីគ្នា កាលពីយប់ថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ ។
លោក Basant Kumar Sharma អ្នកនាំពាក្យប៉ូលិសស្រុកបានលើកឡើងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ សមាជិកចំនួន៧នាក់នៃគ្រួសារមួយ និង៣នាក់ទៀតបានស្លាប់នៅក្នុងពេលមានគ្រោះបាក់របាក់ដីនៅក្រុង Pokhara នៃស្រុក Kaski ខណៈដែលមនុស្សម្នាក់ទៀតបានស្លាប់នៅក្នុងទីក្រុង Madi Rural ។
លោក Sharma បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា “យើងបានរកឃើញសាកសពចំនួន១១នាក់នៅទីតាំងចំនួន៣នៅក្នុងស្រុកខាងលើ” ។
ទន្ទឹមនឹងនេះដែរ អ្នកដំណើរចំនួន៦៥នាក់បានបាត់ខ្លួន ក្រោយពីរថយន្តក្រុង២គ្រឿងត្រូវបានទឹកបោកបក់និងពេលមានគ្រោះបាក់ដីកើតឡើងនៅក្នុងស្រុក Chitwan នៅលើកំណាត់ផ្លូវ Mugling-Narayanghat នៃផ្លូវហាយវេដែលតភ្ជាប់ទីក្រុង Kathmandu ជាមួយប្រទេសដទៃទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា