តូក្យូ៖ ក្រសួងការពារជាតិរបស់ក្រុងតូក្យូ បានឲ្យដឹងកាលពីថ្ងៃសុក្រថា សកម្មភាពយោធារួមគ្នារបស់ប្រទេសចិន និងរុស្ស៊ី នៅជុំវិញប្រទេសជប៉ុនមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ហើយប្រទេសកូរ៉េខាងជើង បង្កការគំរាមកំហែងខ្លាំងជាងពេលណាៗទាំងអស់ ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ក្រសួងបានគូសបញ្ជាក់អំពីជំហររបស់ខ្លួនលើបញ្ហាជាច្រើន ចាប់ពីមានភាពតានតឹងជុំវិញកោះតៃវ៉ាន់ រហូតដល់ការប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក ។
នៅក្នុងរបាយការណ៍បានដាក់ថា ការដាក់ពង្រាយម្តងហើយម្តងទៀតដោយនាវារបស់ចិន និងរុស្ស៊ី នៅជុំវិញប្រទេសជប៉ុន “ត្រូវបានបម្រុងទុកយ៉ាងច្បាស់ថា ជាការបង្ហាញកម្លាំងប្រឆាំងនឹងប្រទេសជប៉ុន និងជាការព្រួយបារម្ភយ៉ាងខ្លាំងពីទស្សនៈសម្រាប់សន្តិសុខជាតិ” ។
ទន្ទឹមនឹងនេះដែរ ប្រទេសកូរ៉េខាងជើង ជារឿយៗបានធ្វើតេស្ដមីស៊ីលក្នុងទិសដៅមកលើដែនដីរបស់ជប៉ុន បង្កជា “ការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ និងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ប្រទេសជប៉ុន ជាងពេលមុនៗ” ។
គួររំលឹកថា កាលពីឆ្នាំមុន របាយការណ៍របស់ក្រសួងការពារជាតិបានលើកឡើងអំពីតម្រូវការដើម្បីទប់ទល់នឹងការគំរាមកំហែងនៅក្នុងតំបន់ រួមទាំងការកើនឡើងនៃកម្លាំងយោធារបស់ចិន និងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា