បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា ការប្រមាថចុងក្រោយនេះរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺ “មិនអាចទទួលយកបាន” នោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងសប្តាហ៍នេះនៅទីក្រុងវ៉ាស៊ីនតោន លោក Biden បាននិយាយថា “ការភ័យខ្លាចជាយូរមកហើយ” នៅក្នុងទ្វីបអឺរ៉ុប “បានផ្ទុះឡើងក្នុងជីវិតឡើងវិញ ដោយសារតែមនុស្សឆ្កួតដើរតែសម្លាប់បានដើរមកម្តងទៀតហើយ” ដោយសំដៅទៅលើប្រធានាធិបតីរុស្ស៊ី។ លោក Biden បានផ្តល់យោបល់ថា ជម្លោះអ៊ុយក្រែនគឺជា “ការភ្ញាក់ដឹងខ្លួនទាំងកម្រោល” សម្រាប់អ្នកដែល “គិតថាពេលវេលារបស់ណាតូបានកន្លងផុតទៅហើយ” ។
ធ្វើអត្ថាធិប្បាយលើកិច្ចប្រជុំកំពូលរបស់អង្គការណាតូ និងសុន្ទរកថារបស់លោក Biden លោក Peskov បានសង្កត់ធ្ងន់ថា វិមានក្រឹមឡាំងមើលឃើញអាកប្បកិរិយារបស់ប្រធានាធិបតីអាមេរិកថា “មិនអាចទទួលយកបាន និងមិនអាចអនុញ្ញាតសម្រាប់ប្រមុខរដ្ឋ” ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា សេចក្តីថ្លែងការណ៍បែបនេះ “មិនលាបពណ៌លើមេដឹកនាំអាមេរិកក្នុងពន្លឺល្អទេ” ហើយបានកត់សម្គាល់ថាទីក្រុងម៉ូស្គូនៅតែបន្ត “យកចិត្តទុកដាក់” ចំពោះការលេចឡើងបែបនេះ៕
ប្រែសម្រួលៈ ណៃ តុលា