បរទេស៖ មេដឹកនាំពិភពលោកជាច្រើន នៅថ្ងៃសៅរ៍បានថ្កោលទោសចំពោះការបាញ់ប្រហារ នៅឯការជួបជុំរបស់លោក Donald Trump ក្នុងរដ្ឋ Pennsylvania ដែលអតីតប្រធានាធិបតីលោក Trump ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំត្រចៀកខាងស្តាំ ខណៈដែលអ្នកចូលរួមបាតុកម្មម្នាក់ និងអ្នកបាញ់ប្រហារ បានស្លាប់បាត់បង់ជីវិត។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំមកពីប្រទេសជាច្រើនបានសម្តែងការភ្ញាក់ផ្អើលចំពោះឧបទ្ទវហេតុបាញ់ប្រហារនេះ ដោយបានបរិហារថាជាអំពីអំពើហិង្សាផ្នែកនយោបាយ និងបានជូនពរលោក Trump ឆាប់ជាសះស្បើយ ឡើងវិញផងដែរ។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសការបាញ់ប្រហារនេះ ហើយបានហៅវាថាជា “អំពើហឹង្សានយោបាយ”។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា «យើងត្រូវតែប្រកាន់ជំហរប្រឆាំងនឹងគ្រប់ទម្រង់ នៃអំពើហិង្សា ដែលប្រឈមនឹងលទ្ធិប្រជាធិបតេយ្យ»។
សេវាសម្ងាត់បាននិយាយថា អ្នកចូលរួមពីរនាក់ផ្សេងទៀតក៏បានរងរបួសនៅក្នុងការបាញ់ប្រហារនៅឯការជួបជុំនេះផងដែរ។ FBI បាននិយាយថា ឧប្បត្តិហេតុនេះកំពុងត្រូវបានស៊ើបអង្កេតថាជាការប៉ុនប៉ងធ្វើឃាត។
លោក Trump អាយុ ៧៨ ឆ្នាំបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា គាត់ត្រូវបានគេបាញ់នៅផ្នែកខាងលើ នៃត្រចៀកខាងស្តាំហើយថាមាន “ហូរឈាមច្រើន” ។ អ្នកធ្វើយុទ្ធនាការរបស់គាត់បាននិយាយថា លោក “ធ្វើបានល្អ” ។ គាត់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ កាលពីល្ងាចថ្ងៃសៅរ៍។
ប្រែសម្រួលៈ ណៃ តុលា