បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារ នៅទីក្រុង Lautlingen ភាគខាងត្បូងប្រទេសអាល្លឺម៉ង់បានបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ រួមទាំងជនសង្ស័យផងដែរ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។
ប្រភពដដែលបានឲ្យដឹងទៀតថា ឧបទ្ទវហេតុនេះក៏បានធ្វើឱ្យមនុស្សពីរនាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរួចហើយ។
ក្រុមការងារបានរាយការណ៍ថា ជនសង្ស័យដែលត្រូវបានគេជឿថា ជាខ្មាន់កាំភ្លើងត្រូវបានគេគិតថា បានកំណត់យកគោលដៅជាសមាជិក នៃគ្រួសាររបស់គាត់។ ក្រុមអ្នកស៊ើបអង្កេតបានស្នើថា ការបាញ់ប្រហារនេះអាចផ្តើមចេញពីជម្លោះក្នុងក្រុមគ្រួសារប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក្តី ក្រុមប៉ូលិសមូលដ្ឋានបានបញ្ជាក់ថា ស្ថានភាពបានត្រឡប់មកស្ថិតនៅក្រោមការគ្រប់គ្រងវិញ ហើយមិនមានគ្រោះថ្នាក់អ្វីទៀតសម្រាប់សាធារណជនឡើយ ៕
ប្រែសម្រួល៖ស៊ុនលី