តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាននិយាយប្រឆាំងនឹងអំពើហឹង្សាទាំងឡាយណា ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីអតីត ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេកំណត់គោលដៅ នៅក្នុងការបាញ់ប្រហារ នៅឯការប្រមូលផ្តុំយុទ្ធនាការ បោះឆ្នោតមួយក្នុងរដ្ឋ Pennsylvania ។
លោក គីស៊ីដា បានឲ្យដឹងនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈដែលឧបទ្ទវហេតុនេះបានរំលឹកឡើងវិញនូវការចងចាំនៅក្នុងប្រទេសជប៉ុន អំពីការបាញ់ សម្លាប់អតីតមេដឹកនាំរបស់ប្រទេសនេះថា “យើងត្រូវតែឈរយ៉ាងរឹងមាំប្រឆាំង នឹងគ្រប់ទម្រង់នៃអំពើហឹង្សា ដែលប្រឈមនឹង លទ្ធិប្រជាធិបតេយ្យ” ។
សមាជិកជាន់ខ្ពស់ នៃគណបក្សកាន់អំណាច និងគណបក្សប្រឆាំងរបស់ប្រទេសជប៉ុន ក៏បានសម្តែងការព្រួយបារម្ភរបស់ពួកគេអំពីឧបទ្ទវហេតុនេះផងដែរ ដោយចងចាំពីការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្ស៊ូ អាបេ ក្នុងអំឡុងពេលសុន្ទរកថាយុទ្ធនាការបោះឆ្នោតនៅឆ្នាំ២០២២។
ដោយប៉ះលើការ ធ្វើឃាតលោក អាបេ លោកស្រី Tomomi Inada អគ្គលេខាធិការស្តីទីនៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់ អំណាច របស់ប្រទេសជប៉ុន បានឲ្យដឹងថា លោកស្រីមានអារម្មណ៍ថា មាននិន្នាការកើនឡើង នៃការកើនឡើងនៃលទ្ធិរ៉ាឌីកាល់និយមនៅក្នុងការតវ៉ា និងការប្រឆាំង ចំពោះអ្នកនយោបាយ។
អតីតរដ្ឋមន្ត្រីការពារជាតិរូបនេះ បានឲ្យដឹងក្នុងកម្មវិធីទូរទស្សន៍មួយថា “មានស្ថានភាពមួយដែលយើងមិនអាចធានាបាននូវភាពត្រឹមត្រូវនៃការបោះឆ្នោត និងមូលដ្ឋានគ្រឹះនៃសុវត្ថិភាព” ។
លោក Hiroshi Ogushi ប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រ បោះឆ្នោតនៃគណបក្ស ប្រជាធិបតេយ្យ រដ្ឋធម្មនុញ្ញជប៉ុននាំមុខគេ ក៏បានហៅឧបទ្ទវហេតុបាតុកម្មរបស់លោក ត្រាំ ថាជា “ការប្រកួតប្រជែងចំពោះលទ្ធិប្រជាធិបតេយ្យ ដែលមិនគួរកើតឡើង”៕
ប្រែសម្រួល ឈូក បូរ៉ា