ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី ជំរុញ​ឲ្យអន្តរជាតិ ចាត់វិធានការ ដើម្បី​ឲ្យ​អ៊ីស្រាអែល ​ទទួល​ខុស​ត្រូវ ​ចំពោះ​ការ​វាយ​ប្រហារ ​ដ៏សាហាវនាពេលថ្មីៗនេះ

Xinhua

ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ី បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីឲ្យអ៊ីស្រាអែល ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

ប្រទេសអាស៊ីអាគ្នេយ៍នេះ បានធ្វើការអំពាវនាវ នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស ដែលបានចេញផ្សាយបន្ទាប់ពីការវាយប្រហារ នាពេលថ្មីៗនេះ ដោយកងកម្លាំងអ៊ីស្រាអែល លើតំបន់ Al-Mawasi, ទីក្រុងKhan Younis, ភាគខាងត្បូងតំបន់ហ្គាហ្សា។

ក្រសួងនៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ច្បាប់អន្តរជាតិអនុវត្ត ចំពោះប្រទេសទាំងអស់ដោយគ្មានករណីលើកលែង” ដោយពណ៌នាការវាយប្រហារ របស់អ៊ីស្រាអែលថាជា “អំពើឃោរឃៅ និងការសម្លាប់រង្គាល” ។

បន្ថែមពីលើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនេះ ក្រសួងបានគូសបញ្ជាក់បន្ថែមទៀត អំពីការរំលោភច្បាប់អន្តរជាតិ ដែលកំពុងបន្តដោយអ៊ីស្រាអែល នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្តែងការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ចំពោះដំណោះស្រាយការទូត និងបានថ្កោលទោស ចំពោះសកម្មភាពអរិភាពរបស់អ៊ីស្រាអែល ចំពោះប៉ាឡេស្ទីន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top