ព័ត៌មានអន្តរជាតិ

ស៊ីរី ព្រមាន​ពី​ផលវិបាក​ បន្ទាប់​ពី​ការ​វាយ​ប្រហារ ​ដោយ​មីស៊ីល ​របស់​អ៊ីស្រាអែល លើ​ក្រុង​ដាម៉ាស់

Xinhua

ដាម៉ាស់៖ ក្រសួងការបរទេស និងជនបរទេសស៊ីរី បានព្រមានថា ការវាយប្រហារ របស់អ៊ីស្រាអែល លើទឹកដីស៊ីរី អាចនាំឱ្យមានផលវិបាក ដែលមិនអាច គ្រប់គ្រងបាន និងផលប៉ះពាល់ធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ទៅលើសង្កាត់លំនៅដ្ឋាន មួយក្នុងរដ្ឋធានីដាម៉ាស់ និងទីតាំងយោធា របស់ប្រទេសស៊ីរី ក្រសួងបានបញ្ជាក់ជាថ្មី អំពីសិទ្ធិស្របច្បាប់របស់ប្រទេសស៊ីរី ក្នុងការការពារអធិបតេយ្យភាព របស់ខ្លួន និងរំដោះទឹកដីដែលកាន់កាប់ របស់ខ្លួន តាមរយៈគ្រប់មធ្យោបាយស្របច្បាប់ ដែលធានាដោយច្បាប់អន្តរជាតិ។

ក្រសួងបានព្រមានប្រឆាំងនឹង ការកើនឡើងនៃការវាយប្រហាររបស់អ៊ីស្រាអែល លើទឹកដីស៊ីរី ដោយបន្ថែមថា ភាពស្ងៀមស្ងាត់ជាអន្តរជាតិ ទាក់ទងនឹងការវាយប្រហារបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាព នៃប្រព័ន្ធអន្តរជាតិ ក្នុងការប្រឈមមុខនឹងការរំលោភលើធម្មនុញ្ញ និងច្បាប់អន្តរជាតិរបស់ខ្លួន។

ការវាយប្រហាររបស់អ៊ីស្រាអែល នៅទីក្រុងដាម៉ាស់ នៅមុនថ្ងៃនោះ បានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសក្នុងចំណោមយោធា ស៊ីរី និងការបាញ់ប្រហារ នៅតំបន់គោលដៅ ដូចដែលបានរាយការណ៍ ដោយក្រសួងការពារជាតិស៊ីរី និងប្រភពពាក់ព័ន្ធ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top