បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ដំណឹង ចេញពីសារព័ត៌មានជាតិ ERR បានរាយការណ៍កាលពីថ្ងៃចន្ទថា លោកស្រី Kaja Kallas បានលាលែងពីតំណែងជា នាយករដ្ឋមន្ត្រីនៃប្រទេសអេស្តូនីជាផ្លូវការហើយ។
ការលាលែងនេះបានធ្វើឡើងនៅក្នុង ខណៈពេលដែលលោកស្រីត្រៀមខ្លួន ក្លាយជាប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប ប៉ុន្តែនឹងបន្តកាន់តំណែងរហូតដល់ រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងជាមុនសិន។
លោកស្រីKallas ដែលបានដឹកនាំរដ្ឋបាល់ទិកនេះតាំងពីឆ្នាំ២០២១ បានស្នើប្រគល់តំណែងរបស់លោកស្រី ទៅកាន់ប្រធានាធិបតី Alar Karisរួចរាល់ហើយ ក្នុងអំឡុងពេលកិច្ចប្រជុំខ្លីមួយកាលពីថ្ងៃចន្ទ។
ការសម្រេចចិត្តនេះ បានបង្កឲ្យមានការរំលាយរដ្ឋាភិបាលចម្រុះ បីភាគីដោយស្វ័យប្រវត្តិហើយ នាយករដ្ឋមន្ត្រីដែលផុតអាណត្តិក៏ត្រូវគេរំពឹងថា នឹងលាលែងពីតួនាទីជាប្រធានគណបក្សកំណែទម្រង់ផងដែរ។
លោកសរី Kallas ត្រូវបានជ្រើសរើសកាលពីខែមុន ដោយមេដឹកនាំសហភាពអឺរ៉ុប ដើម្បីជំនួសអ្នកការទូតអេស្បាញ លោកJosep Borrell ដែលបាននិងកំពុងកាន់តំណែងជា អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ៕
ប្រែសម្រួល៖ ស៊ុន លី