ព័ត៌មានអន្តរជាតិ

Update៖ ទីបំផុត ! លោក ដូណាល់ ត្រាំ ត្រូវបានតែងតាំង ជាបេក្ខភាពចូលរួមប្រជែង តំណែងប្រធានាធិបតី សហរដ្ឋអាមេរិកជាផ្លូវការហើយ

xinhua

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃចន្ទ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាព ប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ អស់រយៈពេលជាច្រើនខែ បានទទួលការបោះឆ្នោត ពីគណៈប្រតិភូ គ្រប់គ្រាន់ហើយ ដើម្បីក្លាយជាបេក្ខភាព ជាផ្លូវការរបស់គណបក្ស ។

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានរួចរស់ជីវិត ពីការប៉ុនប៉ងធ្វើឃាតកាលពី២ថ្ងៃមុន បានទទួលសំឡេងភាគច្រើន ពីគណៈប្រតិភូ នៅឯសន្និបាតជាតិ នៃសាធារណរដ្ឋនៅទីក្រុង Milwaukee រដ្ឋ Wisconsin ។ រូបគាត់បានឈាន ដល់កម្រិតតាមតម្រូវការ ជាមួយនឹងការបោះឆ្នោតពីរដ្ឋ ផ្លរីដា ដែលត្រូវបានប្រកាសដោយកូនប្រុស របស់គាត់ គឺលោក Eric Trump ។

លោក ត្រាំ នឹងដឹកនាំគណបក្ស សាធារណរដ្ឋតាមរយៈការបោះឆ្នោតជាលើកទី៣ជាប់ៗគ្នា ក្រោយពីលោកបានទទួលជ័យជម្នះលើលោកស្រី Hillary Clinton នៅក្នុងឆ្នាំ២០១៦ និងការបរាជ័យរបស់លោកចំពោះប្រធានាធិបតីបច្ចុប្បន្នលោក ចូ បៃដិន នៅក្នុងឆ្នាំ២០២០។

គួររំលឹកថា កាលពីព្រឹកថ្ងៃចន្ទ លោក ត្រាំ បានប្រកាសតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ឈ្មោះថា Truth Social ថា លោកបានជ្រើសរើសសមាជិកព្រឹទ្ធសភា រដ្ឋ Ohio ហើយលោក J.D. Vance ជាមិត្តរួមដំណែងរបស់លោក ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែ លើការជ្រើសរើសធ្វើជាអនុប្រធានរបស់លោក ។

គេបានដឹងថា លោក Vance ដែលត្រូវបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាអាមេរិកនៅក្នុងឆ្នាំ២០២២ និងស្បថចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២៣ គឺជាអ្នករិះគន់លោក ត្រាំ យ៉ាងខ្លាំងក្លានៅក្នុងឆ្នាំ ២០១៦ ប៉ុន្តែបានក្លាយជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតីរូបនេះចាប់តាំងពីពេលនោះមក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top