បាងកក: រដ្ឋាភិបាលថៃបាននិយាយថា មនុស្ស ៦ នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅសណ្ឋាគារទំនើបមួយក្នុងទីក្រុងបាងកក។ នេះបើតាមការផ្សាយរបស់ AFP ។
រដ្ឋាភិបាលថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា “នាយករដ្ឋមន្ត្រី [ស្រីថា ថាវីស៊ីន] បានបញ្ជាឱ្យភ្នាក់ងារទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីជៀសវាងផលប៉ះពាល់ដល់វិស័យទេសចរណ៍” ។
ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ប៉ូលិសថៃបាននិយាយថា មនុស្សទាំង ៦នាក់សុទ្ធតែជាជនបរទេស។
មន្រ្តីប៉ូលីសបានពន្យល់ថា ពួកគេបានរកឃើញអ្នកស្លាប់នៅឯ Grand Hyatt Erawan បន្ទាប់ពីបានទទួលទូរស័ព្ទពីបុគ្គលិករបស់សណ្ឋាគារ នៅម៉ោងប្រហែល ៥និង៣០ ល្ងាច ។
មន្ត្រីប៉ូលិសម្នាក់ ក៏បានច្រានចោលនូវរបាយការណ៍មុននេះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃដែលថាមនុស្ស ៦ នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារមួយ។
មន្ត្រីរូបនេះបានប្រាប់រ៉យទ័រថា “មិនមានសញ្ញាណាមួយនៃការបាញ់ប្រហារទេ” ដោយបន្ថែមថាមានជនជាតិវៀតណាមក្នុងចំណោមអ្នកស្លាប់។
ដោយសេចក្តីរាយការណ៍ ពីកាសែត Washington Post បញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានពលរដ្ឋអាមេរិកាំង២នាក់ ផងដែរ។
ប្រែសម្រួលដោយ: សយ សុភា