ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី រំពឹងថា រុស្ស៊ីនឹងចូលរួមសន្និសីទ អ៊ុយក្រែន លើកទីពីរក្នុងខែវិច្ឆិកា

AFP

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា លោករំពឹងថា ប្រទេសរុស្ស៊ីនឹងចូល រួមសន្និសីទលើកទីពីរ ស្តីពីអ៊ុយក្រែន ដែលគ្រោង នឹងប្រារព្ធធ្វើ នៅក្នុងខែវិច្ឆិកា នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារ័ត៌មាន Sputnik របស់ប្រទេសរុស្ស៊ី ។

កាលពីដើមខែកក្កដា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Mikhail Galuzin បានប្រាប់កាសែត Sputnik ដោយអត្ថាធិប្បាយលើសន្និសីទថ្មី ស្តីពីអ៊ុយក្រែនថា ទីក្រុងម៉ូស្គូ មិនទទួលយកឱសានវាទនោះទេ ហើយនឹងមិនចូលរួម ក្នុងព្រឹត្តិការណ៍ បែបនេះដែរ។

លោក ហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងគៀវ ថាកិច្ចប្រជុំបឋមចំនួន៣ នឹងត្រូវធ្វើឡើងនៅមុនសន្និសីទ។ យោងតាមការលើឡើងរបស់លោក កិច្ចប្រជុំលើកទីមួយ ដែលនឹងត្រូវកោះប្រជុំ នាពេល ណាមួយនៅចុង រដូវក្តៅក្នុង ប្រទេសកាតា នឹងត្រូវផ្តោតលើសន្តិសុខថាមពល ខណៈដែលកិច្ចប្រជុំលើកទី២ ដែលនឹងធ្វើឡើងនៅខែសីហា នៅទីក្រុងអង់ការ៉ា នឹងត្រូវបាន ឧទ្ទិសដល់ការ ធ្វើនាវាចរណ៍ដោយសេរីនៅសមុទ្រខ្មៅ។ ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ការលើកទី៣ ដែលនឹងប្រារព្ធ ធ្វើនៅខែកញ្ញាក្នុងប្រទេសកាណាដា នឹងក្លាយជាវេទិកាមួយ ដើម្បីពិភាក្សាអំពី ការដោះដូរអ្នកទោសជាមួយរុស្ស៊ី។

លោកបានអះអាងថា “ បន្ទាប់ពីចំណុចទាំងបីនេះ បើគេអនុវត្តផែនការ អនុវត្តគ្រប់ចំណុចនឹងចប់។ ខ្ញុំកំណត់ភារកិច្ចអ៊ីចឹង នៅខែវិច្ឆិកាហ្នឹងយើង នឹងមានផែនការរៀបចំ អ្វីៗនឹងរួចរាល់សម្រាប់ទី២ កិច្ចប្រជុំកំពូល យើងនឹងត្រៀមខ្លួន ដើម្បីរៀបចំកិច្ចប្រជុំកំពូល លើកទីពីរ ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ហើយខ្ញុំជឿជាក់ថាអ្នក តំណាងរុស្ស៊ីគួរតែមាន វត្តមាននៅក្នុងកិច្ចប្រជុំកំពូលលើកទីពីរ”។

អ្នកនាំពាក្យក្រសួង ការបរទេសលោក Matthew Miller បានឲ្យដឹងថា សហរដ្ឋអាមេរិកបាន ពិគ្រោះយោបល់ ជាមួយអ៊ុយក្រែន លើការអញ្ជើញ រុស្ស៊ីឱ្យចូលរួមក្នុង កិច្ចប្រជុំកំពូលអ៊ុយក្រែនលើកទីពីរ ហើយនឹងគាំទ្រការសម្រេច ចិត្តរបស់ទីក្រុងគៀវលើបញ្ហានេះ។

លោក Miller បានបន្ដថា “នោះគឺជាអ្វីដែលយើង បានពិភាក្សាជាមួយពួកគេ ប៉ុន្តែដូចដែលយើងបាន និយាយមុនពេល ការសម្រេចចិត្ត ណាមួយជុំវិញការចរចាការទូត គឺជាការសម្រេចចិត្តដែលអ៊ុយក្រែនត្រូវធ្វើ វាគឺសម្រាប់អ៊ុយក្រែន ក្នុងការសម្រេចចិត្តថា តើនៅពេលណា និងរបៀប និងក្នុងទម្រង់បែបណា ដើម្បីធ្វើការចរចាការទូត។ ក្នុងនាមជាដៃគូរបស់ពួកគេ ក្នុងនាមជាអ្នកគាំទ្រ យើងនឹងគាំទ្រពួកគេ ប្រសិនបើនោះជាផ្លូវ ដែលពួកគេជ្រើសរើស”៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top