ព័ត៌មានអន្តរជាតិ

Update៖ ជនជាតិប៉ាឡេស្ទីន ចំនួន៤០នាក់ ត្រូវបានសម្លាប់ ក្នុងការវាំយប្រហារ២លើក ដោយកងកម្លាំងអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សា ស្ទ្រីប

AFP

ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃអង្គារ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចំនួន២លើក ដោយកងទ័ពអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាស្ទ្រីប ។

សេចក្តីថ្លែងការណ៍បានដាក់ថា ការវាយប្រហារមួយនៅក្នុងសាលា Al-Razi ដែលមានទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ (UN) នៅក្នុងជំរុំជនភៀសខ្លួន Nuseirat ស្ថិតនៅកណ្តាលតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន២៣ នាក់ និង៧៣នាក់ផ្សេងទៀតបានរងរបួស ។

ប្រភពក្នុងស្រុក និងសាក្សីបានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល មិនបានធ្វើឡើងមុនការព្រមានណាមួយនោះទេ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញផ្នែកខ្លះនៃសាលារៀន ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ការវាយប្រហារផ្សេងទៀតនៅក្នុងតំបន់ al-Mawasi នៃ Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា ស្ទ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីនអស់ចំនួន១៧នាក់ និង២៦នាក់ផ្សេងទៀតបានរងរបួស ។

ប្រភពសន្តិសុខបានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កន្លែងដែលបានកំណត់គោលដៅនោះមានគ្រួសារជនភៀសខ្លួនរាប់រយគ្រួសារនៅក្នុងជំរំ ។

កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ដោយផ្អែកលើការស៊ើបការណ៍ច្បាស់លាស់ កងកម្លាំងអាកាសអ៊ីស្រាអ៊ែល បានវាយប្រហារទៅលើក្រុម “ភេរវករ” ដែលកំពុងប្រតិបត្តិការនៅក្នុងសាលា UNRWA នៅក្នុងតំបន់ Nuseirat  ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top