រ៉ងហ្គូន៖ យោងតាមសេចក្តីថ្លែងការណ៍មួយ របស់គណៈកម្មាធិការកណ្តាល សម្រាប់ការគ្រប់គ្រង ការប្រើប្រាស់គ្រឿងញៀន ហៅកាត់(CCDAC) បានឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំសំរើបបានចំនួន១១,២លានគ្រាប់ ដែលមានតម្លៃ១៦,៨ពាន់លានគីយ៉ាត ស្មើនឹងប្រហែល ៨លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងតំបន់កណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ។
តាមការធ្វើសកម្មភាព និងផ្អែកលើការផ្តល់ព័ត៌មាន ប៉ូលិសប្រឆាំងគ្រឿងញៀនបានចុះឆែកឆេរអ្នកជិះកង់ចំនួន២២គ្រឿង នៅក្រុង Pwin Oo Lwin តំបន់ Mandalay កាលពីថ្ងៃអាទិត្យ និងរឹបអូសបានថ្នាំ៣,៩៥លានគ្រាប់ រួមជាមួយជនសង្ស័យ២នាក់ ។
ក្រោយមកនៅថ្ងៃនោះ ពួកគេបានរឹបអូសបានថ្នាំចំនួន៧,២៥លានគ្រាប់ទៀត ហើយបានចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីអ្នកជិះកង់ចំនួន១៨ ត្រូវបានត្រួតពិនិត្យនៅក្នុងសង្កាត់ជាមួយគ្នា ។
ការស៊ើបអង្កេតមួយបានបង្ហាញឲ្យដឹងថា ថ្នាំញៀនដែលរឹបអូសបានកំពុងត្រូវបានគេដឹកចេញពីរដ្ឋ Shan ឆ្ពោះទៅកាន់តំបន់ Mandalay ។
គួរបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ដែលពាក់ព័ន្ធនឹងករណីនេះត្រូវបានចោទប្រកាន់ ស្ថិតក្រោមច្បាប់គ្រឿងញៀន និងសារធាតុញៀននៅក្នុងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា