កាប៊ុល៖ ក្រសួងសាធារណៈការរបស់ប្រទេស អាហ្វហ្គានីស្ថានបានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀង និងគ្រោះទឹកជំនន់ នៅក្នុងខេត្ត Nangarhar ស្ថិតនៅភាគខាងកើត នៃប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់៤០នាក់ហើយ ហើយចំនួនអ្នករងរបួសបានកើនឡើងដល់ ៣៤៧នាក់ ។
លោក Sharafat Zaman Amarkhil អ្នកនាំពាក្យរបស់ក្រសួងខាងលើបានបញ្ជាក់ថា បុគ្គលិកសុខាភិបាលត្រូវបានបញ្ជូនទៅកាន់តំបន់រងផលប៉ះពាល់ ដើម្បីព្យាបាលអ្នករងរបួស ។
គេបានដឹងថា គ្រោះធម្មជាតិបានកើតឡើងភ្លាមៗ នៅរសៀលថ្ងៃចន្ទ ហើយបានបណ្តាលឱ្យអ្នកស្លាប់ និងការខូចខាតផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្ត Jalalabad ស្រុក Sukh Rod និងតំបន់ជិតខាង នៅក្នុងខេត្តជាប់ព្រំដែន នឹងប្រទេសប៉ាគីស្ថាន ។
ទន្ទឹមនឹងនេះដែរ មានមនុស្សចំនួន៥នាក់ បានស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗបានហូរកាត់តំបន់ជាច្រើននៃខេត្ត Kunar ស្ថិតនៅភាគខាងកើត នៃប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃចន្ទ ។
ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំង និងបង្កជាគ្រោះទឹកជំនន់ ដោយបានបណ្តាលឲ្យមនុស្សលើសពី៤០០នាក់បាត់បង់ជីវិត និងធ្វើឱ្យរាប់ពាន់នាក់គ្មានផ្ទះសម្បែង គិតចាប់តាំងពីខែឧសភា នៅក្នុងប្រទេស ដែលរងគ្រោះដោយសារសង្គ្រាមមួយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា