ម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ បានឲ្យដឹងថា ការចូលជាសមាជិក របស់អ៊ុយក្រែន ទៅកាន់អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) នឹងមិនគ្រាន់តែជាការគំរាមកំហែង ដោយផ្ទាល់ដល់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកាស ពីការពន្យារពេល សង្គ្រាមបច្ចុប្បន្ន។
លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សា សន្តិសុខរបស់រុស្ស៊ី ត្រូវបានដកស្រង់សម្តីថា រុស្ស៊ីមិនបង្កការគំរាមកំហែង ដល់អង្គការណាតូ មិនមានផែនការវាយប្រហារប្រទេសសមាជិកណាតូ ហើយប្រាកដណាស់ថា មិនមានគោលបំណង ធ្វើឱ្យប៉ះពាល់ដល់ប្រជាជន របស់ពួកគេនោះទេ ។
លោកបានបន្តថារាល់ការប៉ុនប៉ង ដើម្បីជំរុញផលប្រយោជន៍ អរិភាពក្នុងប្រទេសអ៊ុយក្រែន ឬប្រទេសផ្សេងទៀតដែលជិតស្និទ្ធនឹងរុស្ស៊ី នឹងបន្តត្រូវបានជួបជាមួយ នឹងការតស៊ូដ៏សមរម្យមួយ។
លោកបានបន្ថែមថា “ការប៉ុនប៉ងបែបនេះ កាន់តែច្រើន ការឆ្លើយតបរបស់យើងកាន់តែតឹងរ៉ឹង។ ថាតើភពផែនដីទាំងមូល នឹងត្រូវរហែកជាបំណែកជាលទ្ធផល អាស្រ័យតែលើការប្រុងប្រយ័ត្ន របស់ភាគីម្ខាងទៀតតែប៉ុណ្ណោះ”៕
ប្រែសម្រួល ឈូក បូរ៉ា