ULAN BATOR៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ ហៅកាត់ថា (NEMA) របស់ប្រទេសម៉ុងហ្គោលី បានឲ្យដឹងកាលពីថ្ងៃពុធថា ភ្លើងឆេះព្រៃ និងឆេះវាលស្មៅសរុបចំនួន៩០លើកត្រូវបានរាយការណ៍ នៅទូទាំងប្រទេសម៉ុងហ្គោលី គិតចាប់តាំងពីដើមឆ្នាំនេះ ដោយបានបំផ្លិចបំផ្លាញព្រៃឈើ និងវាលស្មៅអស់ចំនួន៦៨៥.៥២១ហិកតា។
ទីភ្នាក់ងារ NEMA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តួលេខនៃអគ្គីភ័យមានការកើនឡើង ១៩,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា បច្ចុប្បន្ននេះមានហានិភ័យខ្ពស់នៃភ្លើងឆេះព្រៃ ដោយសារតែភាពរាំងស្ងួតកាន់តែខ្លាំងឡើងៗនៅក្នុងខេត្ត Uvs និង Zavkhan នៅភាគខាងលិច Khuvsgul, Selenge និង Bulgan នៅភាគខាងជើង និង Arkhangai នៅតំបន់កណ្តាល ។
ទីភ្នាក់ងារខាងលើបានក្រើនរំលឹក ដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន នៅក្នុងអំឡុងពេលធ្វើដំណើរតាមជនបទ និងដើម្បីការពារគ្រោះថ្នាក់នៃអគ្គីភ័យក្នុងអំឡុងពេលរដូវក្ដៅនេះដែលកំពុងបន្តឈានចូលដល់រដូវក្តៅ និងវិស្សមកាល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា