បរទេស៖ សំណើថវិកាឆ្នាំ ២០២៥ របស់ប្រទេសអាល្លឺម៉ង់ មានគោលបំណងកាត់បន្ថយជំនួយយោធា សម្រាប់អ៊ុយក្រែនចំនួន ៥០% , នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃពុធ បន្ទាប់ពីបានពិនិត្យមើលសេចក្តីព្រាងច្បាប់នេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានបានផ្សាយថា រដ្ឋាភិបាលអាល្លឺម៉ង់គ្រោងនឹងអនុម័តឯកសារនេះ នៅពេលក្រោយនៅថ្ងៃបន្ទាប់នៃ ការជជែកគ្នាអស់ពេលជាច្រើនខែ។ នៅឆ្នាំ២០២៤ ប្រទេសអាល្លឺម៉ង់បានបែងចែកប្រាក់ចំនួន ៨ពាន់លានអឺរ៉ូ (៨,៧៥ ពាន់លានដុល្លារ) សម្រាប់ការបំពាក់អាវុធ និងហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែនប្រឆាំងនឹងប្រទេសរុស្ស៊ី ប៉ុន្តែនៅឆ្នាំក្រោយ អាល្លឺម៉ង់មានបំណងកាត់បន្ថយចំនួននេះពាក់កណ្តាល។
នៅឆ្នាំ ២០២២ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្រកាស “Zeitenwende” ដែលជាចំណុចរបត់ប្រវត្តិសាស្ត្រ សម្រាប់ប្រទេសអាល្លឺម៉ង់ ខណៈដែលរដ្ឋាភិបាលចម្រុះរបស់លោក បានបង្ហាញផែនការដែលមានលុយ ១០០ ពាន់លានអឺរ៉ូដើម្បីធ្វើទំនើបកម្មយោធា។ មូលនិធិទំនើបភាវូបនីយកម្មពិសេសត្រូវបាន កំណត់នឹងដំណើរការស្ងួតនៅឆ្នាំ២០២៨ នៅពេលដែលអាល្លឺម៉ង់រំពឹងថា នឹងបំពេញតាមអនុសាសន៍របស់ អង្គការណាតូក្នុងការចំណាយ ២ភាគរយ នៃ GDP លើវិស័យការពារជាតិ។ ប្រទេសនេះក៏បានចូលរួមជាមួយសមាជិក ផ្សេងទៀតនៃប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការគាំទ្រក្រុងគៀវជាមួយនឹងអាវុធ និងទម្រង់ជំនួយផ្សេងទៀត។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីផ្នែកខ្លះ ដោយការកាត់ផ្តាច់នៃសេដ្ឋកិច្ចអាល្លឺម៉ង់ ពីប្រទេសរុស្ស៊ី បានធ្វើឱ្យថវិកាសហព័ន្ធមានគម្លាត ១៧ ពាន់លានអឺរ៉ូរវាងការចំណាយ និងចំណូលដែលបានព្យាករណ៍។ ផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំខាងមុខ ពឹងផ្អែកលើការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំ។
រ៉យទ័របានសរសេរថា រដ្ឋាភិបាលអាល្លឺម៉ង់ក៏ចង់ផ្តល់ សិទ្ធិខ្ចីប្រាក់បន្ថែមចំនួន ១១ ពាន់លានអឺរ៉ូ ក្រោមថវិកាបន្ថែមឆ្នាំ ២០២៤ ដែលខ្លួនព្យាយាមអនុម័តជាមួយនឹងថវិកាឆ្នាំ ២០២៥ ផងដែរ។ គោលដៅសរុបរបស់វាសម្រាប់ការ ខ្ចីប្រាក់សុទ្ធរហូតដល់ឆ្នាំ២០២៨ គឺ ៥០,៣ ពាន់លានអឺរ៉ូ៕
ប្រែសម្រួលៈ ណៃ តុលា